(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី លោក ចូ បៃដិន បាននិយាយថាសហរដ្ឋអាមេរិក គួរតែហាមឃាត់ការប្រើប្រាស់កាំភ្លើងពាក់កណ្ដាលស្វ័យប្រវត្តិ និងដាក់ចេញនូវវិធានការរឹតត្បិតការប្រើប្រាស់កាំភ្លើង ដើម្បីទប់ស្កាត់អំពើហិង្សាដោយកាំភ្លើង ដែលលោកផ្ទាល់ធ្លាប់ចាត់ទុកថាជាជំងឺរាតត្បាត ពិបាកនឹងព្យាបាលមួយនៅក្នុងសង្គមអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣ ខែមិថុនា ឆ្នាំ២០២២។
ថ្លែងនៅក្នុងសុន្ទរកថាមួយនៅឯសេតវិមាននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោក បៃដិន បានលើកឡើងដោយចោទសួរ ដូច្នេះថា «ថាតើយើងចង់ឱ្យសោកនាដកម្មបែបនេះ កើតឡើងច្រើនប៉ុនណាទៀត?»។ លោក បៃដិន ធ្វើការកត់សម្គាល់បែបនេះដោយចង់សំដៅ លើការបាញ់ប្រហារនៅឯសាលាបឋមសិក្សាមួយ ក្នុងរដ្ឋតិចសាស់ដែលផ្ដាច់ជីវិតកុមារ ១៩នាក់ និងគ្រូបង្រៀន២នាក់ ព្រមទាំងការបាញ់ប្រហារ កាលពីថ្ងៃពុធសប្ដាហ៍នេះ នៅឯមន្ទីរពេទ្យមួយ ក្នុងរដ្ឋ Oklahoma ដែលសម្លាប់មនុស្ស ៤នាក់។
គួរបញ្ជាក់ថា បើតាមលោក បៃដិន វាល្មមគ្រប់គ្រាន់ហើយដែលសភាទាំង២ របស់សហរដ្ឋអាមេរិកត្រូវធ្វើសកម្មភាពជាបន្ទាន់ ក្នុងការដាក់ចេញ ច្បាប់គ្រប់គ្រងកាំភ្លើង ហើយបើពុំដូច្នោះទេ សភាគួរតែដាក់ចេញវិធានការរឹតត្បិតមួយចំនួន ក្នុងនោះរួមមានទាំងការដំឡើងអាយុរបស់ប្រជាជន អាមេរិកដែលអាចទិញកាំភ្លើងបាន ពីអាយុ១៨ឆ្នាំ ក្នុងពេលបច្ចុប្បន្ន ដល់ ២១ឆ្នាំ៕