(តៃប៉ិ)៖ ក្រសួងការបរទេសអាមេរិក បានធ្វើបច្ចុប្បន្នភាព «ពាក្យពេចន៍» ស្ដីពីកោះតៃវ៉ាន់ ដោយអះអាងថាទីក្រុងវ៉ាស៊ីនតោន នឹងមិនគាំទ្រឱ្យតៃវ៉ាន់ ប្រកាសឯករាជ្យជាផ្លូវការពីចិន នោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣ ខែមិថុនា ឆ្នាំ២០២២។
ការធ្វើបច្ចុប្បន្នភាពខាងលើ ធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសអាមេរិក កាលពីខែឧសភាកន្លងទៅ បានកែប្រែពាក្យពេចន៍ព័ត៌មានស្ដីពីតៃវ៉ាន់ នៅលើ គេហទំព័ររបស់ខ្លួន ដោយបានលុបចោទពាក្យពេចន៍ទាំង២ នោះគឺមិនគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ និងការទទួលស្គាល់ជំហររបស់ទីក្រុងប៉េកាំងដែល ថាតៃវ៉ាន់ជាផ្នែកមួយរបស់ចិន ដែលនេះបានធ្វើឱ្យចិនខឹងសម្បារជាខ្លាំង។
ទីក្រុងវ៉ាស៊ីនតោន បានបញ្ជាក់ការធ្វើបច្ចុប្បន្នភាពពាក្យពេចន៍នេះ មិនមែនឆ្លុះបញ្ចំងពីការផ្លាស់ប្ដូរគោលនយោបាយណាមួយទេ ដោយគ្រាន់តែវាការ កែប្រែពាក្យពេចន៍ គឺសហរដ្ឋអាមេរិក មិនគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ឡើយ។
គួរបញ្ជាក់ថា ការធ្វើបច្ចុប្បន្នភាពពាក្យពេចន៍របស់ក្រសួងការបរទេសអាមេរិក ត្រូវបានរាយការណ៍ដំបូងគេដោយទីភ្នាក់ងារសារព័ត៌មានតៃវ៉ាន់ Central News Agency ហើយការធ្វើបច្ចុប្បន្នភាពនេះទៀតសោត ទំនងជាត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅ។ ក្រសួងការបរទេសអាមេរិក មិនបានធ្វើអត្ថាធិប្បាយអ្វីទេ តែអ្នកនាំាពាក្យរបស់ខ្លួន គឺលោក ណេត ប្រាយ (Ned Price) ធ្លាប់បានលើកឡើងកាលពីខែឧសភាថាសហរដ្ឋអាមេរិក មិនគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ទេ ហើយជំហរបែបនេះត្រូវបានបញ្ជាក់ជាសាធារណៈជារឿយៗ៕