(សេអ៊ូល)៖ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក ហាន់ ឌុកស៊ូ (Han Duck-soo) នៅថ្ងៃសុក្រនេះបានប្រកាសថា ប្រទេសរបស់លោកនឹងលុបចោល វិធានការធ្វើចត្តាឡីស័ក សម្រាប់ការមកដល់របស់ជនបរទេសដែលមិនបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ចាប់ពីថ្ងៃទី៨ ខែមិថុនាខាងមុខ នេះតទៅ ហើយក៏ចាប់ផ្តើមលុបចោលបទប្បញ្ញត្តិអាកាសចរណ៍ដែលបានដាក់សម្រាប់ជើងហោះហើរអន្តរជាតិផងដែរ។ នេះបើយោងតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣ ខែមិថុនា ឆ្នាំ២០២២។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងរក្សាតម្រូវការការធ្វើតេស្ត PCR ជាមួយលទ្ធផលអវិជ្ជមាន មុនពេលចូលមកកាន់ប្រទេសនេះ និងការធ្វើតេស្ត PCR ជាមួយលទ្ធផលអវិជ្ជមាន ក្នុងរយៈពេល ៧២ម៉ោង បន្ទាប់ពីការចូលមកដល់ផងដែរ។
លោក Han បានគូសបញ្ជាក់ប្រាប់កិច្ចប្រជុំឆ្លើយតបជំងឺឆ្លងរាតត្បាតថា «ខណៈពេលមានតម្រូវការឱ្យធ្វើចត្តាឡីស័ករយៈពេល ៧ថ្ងៃសម្រាប់ការមកដល់ របស់ជនបរទេសដែលមិនបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 រហូតមកដល់ពេលនេះ តម្រូវការបែបនេះ នឹងត្រូវបានលុបចោលចាប់ពី ថ្ងៃទី៨ ខែមិថុនាខាងមុខនេះតទៅ ដោយមិនគិតពីស្ថានភាពនៃការចាក់វ៉ាក់សាំងរបស់ពួកគេឡើយ»។
លោក Han បានបន្ថែមថា បទប្បញ្ញត្តិអាកាសចរណ៍ណាមួយដែលបានដាក់សម្រាប់ជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិ Incheon ក៏នឹងត្រូវលុបចោលចាប់ពីថ្ងៃទី៨ ខែមិថុនាខាងមុខនេះតទៅដូចគ្នា ដើម្បីធានាថា ជើងហោះហើរអាចដំណើរការបានទាន់ពេលវេលា ព្រោះដោយសារ វិធានការរឹតត្បឹតលើជើងហោះហើរ និងម៉ោងប្រតិបត្តិការហោះហើរ នាពេលបច្ចុប្បន្ន បានបង្កឱ្យមានការរអាក់រអួលដូចជា កង្វះសំបុត្រ និងតម្លៃកើនឡើងជាដើម។
គួរបញ្ជាក់ថា បើយោងតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ កូរ៉េខាងត្បូង បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសជាង ១៨.១២លានករណី ក្នុងនោះមានអ្នកស្លាប់ជាង ៩,៨០០នាក់ និងអ្នកជាសះស្បើយជាង ១៧.៧៥លាននាក់៕