(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃចន្ទនេះ បានប្រកាសពីកញ្ចប់ទណ្ឌកម្មថ្មីទៀតរបស់ក្រុម G7 ដែលមានគោលដៅទៅលើ វិស័យឧស្សាហកម្មយោធារបស់ប្រទេសរុស្ស៉ី ដើម្បីព្យាយាមកាត់បន្ថយសមត្ថភាពរបស់ទីក្រុងមូស្គូ ក្នុងការបន្តសង្រ្កាមរបស់ខ្លួន នៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២។
សេតវិមានបានសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ក្រុមមេដឹកនាំ G7 នឹងសម្របក៏ដូចជាពង្រីកបន្ថែមនូវកញ្ចប់ទណ្ឌកម្ម ដើម្បីបន្តរឹតត្បិត រុស្ស៉ីពីបច្ចេកវិទ្យាលោកខាងលិច ដែលអាចគាំទ្រដល់ឧស្សាហកម្មយោធារបស់ទីក្រុងមូស្គូ។ មិនតែប៉ុណ្ណោះ សហរដ្ឋអាមេរិកក៏នឹងប្រឹងផ្តោតសំខាន់ផងដែរ លើខ្សែចង្វាក់ផ្គត់ផ្គង់វិស័យការពារជាតិរុស្ស៉ី ហើយដាក់កំហិតលើសមត្ថភាពរបស់រុស្ស៉ី ក្នុងការជំនួសបរិក្ខារយោធាដែលខ្លូនបានបាត់បង់ កំលុងសង្រ្គាមដ៏អាក្រក់ នៅអ៊ុយក្រែន»។
គួរបញ្ជាក់ថា ទន្ទឹមគ្នា បើតាមមន្រ្តីជាន់ខ្ពស់ម្នាក់របស់ទីក្រុងវ៉ាស៉ីនតោន ក្រុមមេដឹកនាំ G7 ថែមទាំងបានព្រមព្រៀងគ្នាទៀតផងថា ថវិកាដែលប្រមូលបានពីការដំឡើងពន្ធលើទំនិញរបស់រុស្ស៉ី គួរតែត្រូវបង្វែរទៅជាកញ្ចប់ជំនួយដល់អ៊ុយក្រែន។ កិច្ចប្រជុំកំពូលប្រចាំឆ្នាំរវាងមេដឹកនាំ G7 ដែលរួមមានសហរដ្ឋអាមេរិក កាណាដា ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អ៉ីតាលី និងជប៉ុន ព្រមទាំងសហភាពអឺរ៉ុប ត្រូវបានបើកធ្វើនៅឯរដ្ឋបាវ៉ារៀ (Bavaria) ភាគខាងត្បូងនៃប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ហើយនឹងបន្តដល់ថ្ងៃទី២៨ ខែមិថុនា៕