(ឡុងដ៍)៖ រុស្ស៊ីបានសន្យា នៅថ្ងៃចន្ទ ទី២៧ ខែមិថុនាថា នឹងចាត់វិធានការវាយបកជប៉ុនវិញ ចំពោះការដែលទីក្រុងតូក្យូបានដាក់ទណ្ធកម្មលើទីក្រុងម៉ូស្គូជុំវិញការឈ្លានពានអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២។
ប្រទេសជប៉ុនបានចូលរួមជាមួយលោកខាងលិចក្នុងការវាយប្រហាររុស្ស៊ី ជាមួយនឹងកញ្ចប់ទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមកក្នុងរយៈពេល ៤ខែ ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។
នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊ូមីអុ គីស៉ីដា (Fumio Kishida) បាននិយាយនៅឯកិច្ចប្រជុំកំពូល នៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿន ទាំង៧ ហៅកាត់ថា G7 ក្នុងប្រទេសអាល្លឺម៉ង់ថា រដ្ឋាភិបាលទីក្រុងតូក្យូនឹងដាក់ទណ្ឌកម្មបន្ថែមប្រឆាំងជនជាតិរុស្ស៉ីចំនួន ៧០នាក់ ព្រមទាំងនឹងពង្រីក បន្ថែមនូវការហាមឃាត់ការនាំចេញទំនិញទៅកាន់ប្រទេសរុស្ស៉ី ជាការឆ្លើយតបទៅនឹងសង្គ្រាមរបស់លោក ពូទីន នៅអ៊ុយក្រែន។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលជប៉ុន បានដាក់ចេញនូវកញ្ចប់ទណ្ឌកម្មមួយចំនួនប្រឆាំងនឹងរុស្ស៉ីរួចស្រេចទៅហើយ ដើម្បីឆ្លើយតប សង្គ្រាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ដែលលោកខាងលិចចាត់ទុកថាជាការឈ្លានពាន ក្នុងនោះរួមមានជនជាតិរុស្ស៉ី ជនជាតិបេឡារុស្សជាង ៧០០នាក់ ក៏ដូចជាក្រុមហ៊ុនរុស្ស៉ី និងបេឡារុស្សជាង ២០០ក្រុមហ៊ុន៕