(ប្រាក)៖ នាយករដ្ឋមន្រ្តីនៃសារធារណរដ្ឋឆែក លោក ផេតធឺ ហ្វីយ៉ាឡា (Petr Fiala) បាននិយាយថា សហភាពអឺរ៉ុបកំពុងរៀបចំកញ្ចប់ទណ្ឌកម្មទី៧ ប្រឆាំងនឹងទីក្រុងមូស្គូ ប៉ុន្តែវាច្បាស់ណាស់ថា នឹងមិនមានការរឹតត្បិតលើ ឧស្ម័នដែលនាំចូលពីរុស្ស៉ីទេ ដោយសារតែប្រទេសជាសមាជិកជាច្រើនមិនទាន់ត្រៀមខ្លួនបានរួចរាល់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២។
នៅក្នុងបទសម្ភាសន៍ លោក ហ្វីយ៉ាឡា បានប្រាប់ Reuters ឲ្យដឹងថា កញ្ចប់ទណ្ឌកម្មថ្មីនេះកំពុងស្ថិតក្នុង ដំណាក់កាលសម្រេចចុងក្រោយ ដោយក្រុមថ្នាក់ដឹកនាំសហភាពអឺរ៉ុប ដើម្បីបង្កើនការដាក់សម្ពាធ ជុំវិញការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន ខណៈដែលគេរំពឹងទុកថា អាចនឹងមានការហាមឃាត់ការនាំចូលមាស, ពង្រីកបញ្ជីឈ្មោះមុខទំនិញដែលត្រូវបានហាមឃាត់ក្នុងការនាំចេញទៅរុស្ស៉ី និងកំណត់គោលដៅទណ្ឌកម្មលើបុគ្គលរុស្ស៉ី កាន់តែច្រើន។ គណៈកម្មាធិការអឺរ៉ុប ទំនងជានឹងបង្ហាញនូវកញ្ចប់ទណ្ឌកម្មទី៧នេះ នៅប៉ុន្មានថ្ងៃខាងមុខទៀត ហើយនឹងតម្រូវឲ្យសមាជិករបស់ខ្លួនអនុវត្តភ្លាមៗ។
លោក ហ្វីយ៉ាឡា បានបញ្ជាក់ថា ការដាក់កំហិតលើការនាំចេញឧស្ម័នរបស់រុស្ស៉ី នឹងមិនរួមបញ្ចូលក្នុងកញ្ចប់ទណ្ឌកម្មខាងលើនេះទេ «ខ្ញុំគិតថាវាមិនគួរមាននោះទេ ព្រោះប្រទេសមួយចំនួនពឹងផ្អែក លើឧស្ម័នរុស្ស៉ី»។
គួរបញ្ជាក់ថា សាធារណរដ្ឋឆែក ដែលទើបក្លាយជាប្រធានប្តូរវេនរបស់សហភាពអឺរ៉ុប (EU) សម្រាប់រយៈពេល៦ខែ កាលពីថ្ងៃទី១ ខែកក្កដា គឺស្ថិតក្នុងចំណោមក្រុមប្រទេស ដែលពឹងផ្អែកស្ទើរតែទាំងស្រុងលើឧស្ម័នរបស់រុស្ស៉ី។ ជារួម សហភាពអឺរ៉ុបបានពឹងផ្អែក ប្រហែល៤០ភាគរយលើឧស្ម័នរុស្ស៉ី មុនពេលសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង៕