(វ៉ាស៉ីនតោន)៖ ក្នុងសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីងកិន (Antony Blinken) បានទទូចឱ្យទីក្រុងប៉េកាំង លុបចោលការទាមទារកម្មសិទ្ធិនៅសមុទ្រចិនខាងត្បូង ហើយទទួលយកការសម្រេចរបស់តុលាការអន្តរជាតិ កាលពីឆ្នាំ២០១៦ ដែលបានគាំទ្រហ្វីលីពីន។ ទន្ទឹមគ្នានោះ លោក Blinken ក៏បានប្តេជ្ញាឆ្លើយតបតាមរយៈយោធា ពីសំណាក់សហរដ្ឋអាមេរិកផងដែរ ក្នុងករណីដែលចិនហ៊ានធ្វើការវាយប្រហារលើហ្វីលីពីន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២។
ក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយស្ថានទូតអាមេរិកប្រចាំនៅទីក្រុងម៉ានីល លោក Blinken បាននិយាយថា «ចិនត្រូវតែគោរពកាតព្វកិច្ចរបស់ខ្លួន នៅក្រោមច្បាប់អន្តរជាតិ ហើយបញ្ឈប់សកម្មភាពបង្កហេតុនានា នៅតំបន់សមុទ្រចិនខាងត្បូង» ដោយលោកបានលើកឡើង ពីសេចក្តីសម្រេចរបស់តុលាការអន្តរជាតិទីក្រុងឡាអេ ដែលបានច្រានចោល ការទាមទារកម្មសិទ្ធិក្នុងទំហំដ៏ធំរបស់ទីក្រុងប៉េកាំង នៅតំបន់នោះ។
លោកប្រមុខការទូតអាមេរិក បានបន្ថែមទៀតថា ការវាយប្រហារណាមួយ ទៅលើកងកម្លាំងយោធា ឬក៏កប៉ាល់និងយន្តហោះស៉ីវិល របស់ហ្វីលីពីន នៅសមុទ្រចិនខាងត្បូង នឹងតម្រូវឱ្យអាមេរិកអនុវត្ត ការប្តេជ្ញាការពារគ្នាទៅវិញទៅមក នៅក្រោមសន្ធិសញ្ញាកាលពីឆ្នាំ១៩៥១ ជាមួយហ្វីលីពីន។
ដោយឡែក នៅពេលត្រូវបានសួរសំណួរពាក់ព័ន្ធ ការលើកឡើងខាងលើរបស់លោក Blinken កំលុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃពុធសប្តាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីង (Wang Wenbin) បាននិយាយថា ទីក្រុងវ៉ាស៉ីនតោនតែងព្យាយាម បង្កើតឱ្យមានភាពទាស់ទែងគ្នារវាងប្រទេសនៅក្នុងតំបន់ ហើយបង្កការប៉ះពាល់ចំពោះសន្តិភាពនិងស្ថិរភាពក្នុងតំបន់។ លោក វ៉ាង បានអំពាវនាវឱ្យអាមេរិកគោរព អធិបតេយ្យ សិទ្ធិ និងផលប្រយោជន៍របស់ចិន នៅសមុទ្រចិនខាងត្បូង ហើយបញ្ឈប់ការបង្កបញ្ហា និងលែងប្រើប្រាស់ប្រធានបទសមុទ្រចិនខាងត្បូង ដើម្បីជាលេសបង្កើតទំនាស់តទៅទៀត។
គួរបញ្ជាក់ថា ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ឡើងកាន់អំណាចកាលពីដើមឆ្នាំ២០២១មក មន្ទីរបញ្ចកោណ បានចល័តនាវាចម្បាំងស្ទើរតែជារៀងរាល់ខែ មកកាន់តំបន់សមុទ្រចិនខាងត្បូង ព្រមទាំងច្រកសមុទ្រតៃវ៉ាន់ផងដែរ ទោះបីជា មានការព្រមានជាដដែលៗ យ៉ាងណាក៏ដោយពីសំណាក់ទីក្រុងប៉េកាំង។ កាលពីថ្ងៃពុធសប្តាហ៍នេះ យោធាចិនទើបតែបានអះអាងថា ខ្លួនបានបណ្តេញនាវាចម្បាំងអាមេរិក១គ្រឿង ដែលបានធ្វើដំណើរមកក្បែរទីប្រជុំកោះមានវិវាទ នៅសមុទ្រចិនខាងត្បូង៕