(តូក្យូ)៖ ប្រភពពីប៉ូលិសជប៉ុន បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ម្តាយរបស់ជនសង្ស័យជាខ្មាន់កាំភ្លើង ដែលបានបាញ់សម្លាប់ អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ស៉ីនហ្សូ (Abe Shinzo) គឺត្រូវគេជឿថា ធ្លាប់បរិច្ចាគលុយប្រហែល១០០លានយេន ឬស្មើនឹង ៧២០,០០០ដុល្លារ ទៅកាន់ក្រុមសាសនាមួយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានជប៉ុន Nikkei Asia នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២។
ការស៉ើបអង្កេតរបស់អាជ្ញាធរជប៉ុន ជុំវិញករណីឃាតកម្មលើ លោក អាបេ បានជំរុញឱ្យប្រធានក្រុមសាសនាឈ្មោះថា Unification Church ប្រចាំនៅប្រទេសជប៉ុន ចេញមុខមកបញ្ជាក់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះថា ម្តាយរបស់ជនសង្ស័យក្នុងករណីឃាតកម្មនោះ គឺធ្លាប់ជាសមាជិករបស់ខ្លួន។
គួរបញ្ជាក់ថា បុរសវ័យ៤១ឆ្នាំ ឈ្មោះ យ៉ាម៉ាហ្កាមិ ថេតស៊ូសា (Yamagami Tetsuya) ត្រូវបានប៉ូលិសកំណត់អត្តសញ្ញាណថា គឺជាជនសង្ស័យ ដែលបានដើរសំដៅមករកលោក អាបេ ពីក្រោយខ្នង ហើយធ្វើសកម្មភាពបាញ់ប្រហារលើរូបលោក កំលុងពេលលោក អាបេ ថ្លែងសុន្ទរកថា ដើម្បីគាំទ្រយុទ្ធនាការឃោសនាបោះឆ្នោតព្រឹត្តិការណ៍ កាលពីថ្ងៃសុក្រសប្តាហ៍មុន នៅឯទីក្រុងណារ៉ា (Nara) ភាគខាងលិចប្រទេសជប៉ុន។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅប្រទេសជប៉ុន ដែលផ្អែកលើប្រភពពីក្រុមអ្នកស៉ើបអង្កេត ជនសង្ស័យ Yamagami ជឿថា លោក អាបេ បានជួយឃោសនាផ្សព្វផ្សាយ អំពីក្រុមសាសនាមួយ ដែលម្តាយរបស់ខ្លួនធ្លាប់បានបរិច្ចាគលុយ អស់ជាច្រើនទៅឱ្យ រហូតទាល់តែខ្លួនឯងត្រូវក្ស័យធន៕