(ប៉ាគីស្ថាន)៖ ប៉ូលិសប៉ាគីស្ថានបានចោទប្រកាន់ អតីតនាយករដ្ឋមន្ត្រីរបស់ប្រទេស លោក Imran Khan ក្រោមច្បាប់ប្រឆាំងភេរវកម្ម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២។

ការស៊ើបអង្កេតរបស់ពួកគេ កើតឡើងបន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីរូបនេះបានចោទប្រកាន់ប៉ូលីស និងតុលាការពីបទឃុំខ្លួន និងធ្វើទារុណកម្មជំនួយការជិតស្និទ្ធរបស់ខ្លួន។

អ្នកគាំទ្ររបស់លោក Khan បានប្រមូលផ្តុំគ្នា នៅខាងក្រៅផ្ទះរបស់គាត់ ដោយប្តេជ្ញាថានឹង «តទល់» ប្រសិនបើគាត់ត្រូវបានចាប់ខ្លួន។ យ៉ាងណាក៏ដោយ ពេលនេះ លោក Khan ត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំមុនការចាប់ខ្លួនរហូតដល់ថ្ងៃព្រហស្បតិ៍។

ប៉ូលីសប៉ាគីស្ថានបានចោទ លោក Khan ថាបានរំលោភលើច្បាប់ប្រឆាំងភេរវកម្ម របស់ប្រទេសដោយចោទថាបានគំរាមកំហែងដល់មន្ត្រីរដ្ឋ។

គួរជម្រាបថា តាំងពីត្រូវគេទម្លាក់ពីអំណាចក្នុងខែមេសាមក លោក Khan បានរិះគន់ខ្លាំងៗលើរដ្ឋាភិបាល និងកងទ័ពរបស់ប្រទេស៕