(កៀវ)៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍កាលពីថ្ងៃចន្ទថា ទាហានអ៊ុយក្រែនជិត ៩,០០០នាក់ត្រូវបានសម្លាប់ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីបានចាប់ផ្តើម។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២។
អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន លោក Valeriy Zaluzhny បានប្រាប់វេទិកាមួយថា កូនៗរបស់អ៊ុយក្រែនត្រូវការការយកចិត្តទុកដាក់បន្ថែម ជាពិសេកូនៗដែលឪពុករបស់ពួកគេបានទៅជួរមុខ ហើយប្រហែលជាមានវីរបុរសជិត ៩,០០០នាក់ហើយដែលត្រូវបានសម្លាប់ក្នងសង្គ្រាម។
គួរបញ្ជាក់ថា មន្ត្រីអ៊ុយក្រែនកម្របានផ្តល់ព័ត៌មានលម្អិត អំពីការបាត់បង់យោធាណាស់ ក្នុងរយៈពេលជិតប្រាំមួយខែនៃសង្រ្គាមចុងក្រោយនេះ។
ការប៉ាន់ស្មានចុងក្រោយមានតាំងពីខែមេសា នៅពេលដែលប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា ទាហានអ៊ុយក្រែនរហូតដល់ ៣,០០០នាក់ត្រូវបានសម្លាប់ និង ១០,០០០នាក់បានរងរបួស៕