(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក បា្រយុទ្ធ ចាន់អូចា (Prayuth Chan-ocha) ធ្លាប់បានឆ្លងផុតការបោះឆ្នោតដកសេចក្ដីទុកចិត្តចំនួន ៤លើកមកហើយ ក្នុងនោះរួមមានទាំង ការបោះឆ្នោតលើកចុងក្រោយបំផុត កាលពីខែកក្កដាកន្លងទៅនេះ។ ប៉ុន្តែ លោក ប្រាយុទ្ធ កំពុងប្រឈមមុខនឹងសម្ពាធ និងការអំពាវនាវឱ្យរូបលោកចុះចេញពីតំណែងសាជាថ្មី ដោយសារតែបញ្ហាអាណត្តិរបស់លោក។

ក្រុមសមាជិកសភាថៃ មកពីគណបក្សប្រឆាំងដែលបានទទួលបរាជ័យដល់ទៅ ៤លើកដូចគ្នាដែរនោះ ដើម្បីទម្លាក់លោក ប្រាយុទ្ធចេញពីតំណែងនៅក្នុងសភា បានស្នើសុំឱ្យ តុលាការធម្មនុញ្ញថៃធ្វើការសម្រេចចិត្តថាតើលោក បា្រយុទ្ធ អាចបន្តកាន់តំណែងជានាយករដ្ឋមន្ត្រី តទៅទៀតបានដែរ ឬក៏យ៉ាងណា នៅក្រោយថ្ងៃទី២៤ ខែសីហានេះ ជាថ្ងៃដែល គណបក្សប្រឆាំងចាត់ទុកថាជាគំរប់ខួប ៨ឆ្នាំនៃការកាន់អំណាចរបស់លោក ប្រាយុទ្ធ។ ដូច្នេះហេតុអ្វីបានជាគណបក្សប្រឆាំងថៃយកគំរប់ខួប ៨ឆ្នាំនៃការកាន់អំណាចនេះមកដាក់ សម្ពាធឱ្យលោក ប្រាយុទ្ធ ចុះចេញពីអំណាច?

សម្រាប់គណបក្សប្រឆាំងថៃ នេះគឺជាឱកាសល្អមួយដែលពួកគេចង់សាកល្បងបណ្ដេញពីលោក ប្រាយុទ្ធ ពីតំណែង ដោយសំអាងលើមាត្រា១៥៨ នៃរដ្ឋធម្មនុញ្ញថៃបច្ចុប្បន្នស្ដីពី ការកំណត់អាណត្តិនាយករដ្ឋមន្ត្រីថៃ ដែលបានចែងថា «នាយករដ្ឋមន្ត្រីម្នាក់មិនអាចកាន់តំណែងលើសពី ៨ឆ្នាំនោះទេ បើទោះជាជាប់ ឬមិនជាប់ឆ្នោតជាប់ៗគ្នាក៏ដោយ»។ តែ បញ្ហាធំ នោះគឺនៅត្រង់ការខ្វែងគំនិតគ្នាថាតើអាណត្តិលោក ប្រាយុទ្ធ ចាប់ផ្ដើមរាប់តាំងពីពេលណាមក? គណបក្សប្រឆាំងថៃយល់ថានេះជាឱកាសល្អមួយដើម្បីអូសលោក ប្រាយុទ្ធ ឱ្យធ្លាក់ទឹកក្នុងបរិបទដែលការស្ទង់មតិបង្ហាញថាប្រជាជនថៃភាគច្រើនចង់ឱ្យរូបលោកចុះចេញពីតំណែងនៅក្នុងខែសីហានេះ។ រីឯអ្នកនាំពាក្យរដ្ឋាភិបាលថៃ ក៏បានអះអាងដែរថា លោក ប្រាយុទ្ធ នឹងទទួលយកការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញពាក់ព័ន្ធនឹងអាណត្តិរបស់លោក ទោះក្នុងលទ្ធផលបែបណាក៏ដោយ។

ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយថៃមួយចំនួន និងក្រុមអ្នករិះគន់លោក ប្រាយុទ្ធ បានអះអាងថាអាណត្តិជានាយករដ្ឋមន្ត្រីរបស់លោក ប្រាយុទ្ធ បានចាប់ផ្ដើមនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៤ បន្ទាប់ពីការធ្វើរដ្ឋប្រហារយោធានៅក្នុងខែឧសភា ឆ្នាំដដែលនោះ។ ក៏ប៉ុន្តែ សម្រាប់ក្រុមអ្នកគាំទ្រលោក ប្រាយុទ្ធ អាណត្តិរបស់នាយករដ្ឋមន្ត្រីរូបនេះបាន ចាប់ផ្ដើមនៅពេលដែលរដ្ឋធម្មនុញ្ញបច្ចុប្បន្នចូលជាធរមាន គឺនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧។ ចំណែកឯ អ្នកខ្លះទៀតយល់ថាអាណត្តិជានាយករដ្ឋមន្ត្រីចាប់ផ្ដើមរាប់នៅពេលដែល លោក ប្រាយុទ្ធ ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ពោលគឺនៅក្រោយការបោះឆ្នោតសកលក្នុងខែមីនា ឆ្នាំ២០១៩ដដែលនោះ។

តុលាការធម្មនុញ្ញថៃ ត្រូវបានគេរំពឹងថានឹងធ្វើការសម្រេចចិត្ត នៅក្នុងសប្ដាហ៍នេះថាតើអាណត្តិជានាយករដ្ឋមន្ត្រីរបស់លោក ប្រាយុទ្ធ នឹងបញ្ចប់នៅពេលណា? ក្នុងករណីដែល តុលាការនេះសម្រេចថាអាណត្តិរបស់លោក ប្រាយុទ្ធ នឹងត្រូវអស់សុពលភាពនៅថ្ងៃទី២៤ ខែសីហានេះ នោះគណៈរដ្ឋមន្ត្រីរបស់លោកនឹងក្លាយជារដ្ឋាភិបាលបណ្ដោះអាសន្ន រហូតទាល់តែសភាជាតិជ្រើសរើសបាននាយករដ្ឋមន្ត្រីថ្មី។

តែទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ ដូចជាលោក ធីទីណាន់ ពុងស៊ូដហ៊ីរ៉ាក់ (Thitinan Pongsudhirak) មកពីសាកលវិទ្យាល័យជូឡាឡុងកន (Chulalongkorn) មានមូលដ្ឋានក្នុងទីក្រុងបាងកក យល់ថាវាប្រហែលជាមិនអាចទៅរួចឡើយ ដែលអាណត្តិកំណត់ដោយរដ្ឋធម្មនុញ្ញនឹងធ្វើឱ្យលោក ប្រាយុទ្ធរបូតតំណែង ជានាយករដ្ឋមន្ត្រថៃ។ ចូរកុំភ្លេចថា រដ្ឋធម្មនុញ្ញសព្វថ្ងៃ គឺយោធាថៃជាអ្នកតាក់តែងឡើង រីឯមនុស្សនៅក្នុងស្ថាប័នកំពូលៗដូចជាតុលាការធម្មនុញ្ញសុទ្ធតែត្រូវបានតែងតាំងដោយ របបលោក ប្រាយុទ្ធ ហើយកន្លងមក ពួកគេតែងតែធ្វើសេចក្ដីសម្រេចដែលគាំទ្រលោក ប្រាយុទ្ធ។ ជាឧទាហរណ៍ កាលពីឆ្នាំ២០២០ គណៈកម្មាធិការរៀបចំការបោះឆ្នោត និងតុលាការធម្មនុញ្ញថៃបានរំលាយចោលគណបក្សប្រឆាំង Future Forward Party។

បើតាមលោក ធីទីណាន់ មាត្រាចែងពីអាណត្តិនាយករដ្ឋមន្ត្រីក្នុងរដ្ឋធម្មនុញ្ញកាលពីឆ្នាំ២០១៧ គឺមិនមែនមានគោលដៅលើលោក ប្រាយុទ្ធឡើយ តែតម្រង់ទៅរកសត្រូវនយោបាយ របស់លោក គឺលោក ថាក់ស៊ីន ស៊ីនណាវ៉ាត់ (Thaksin Shinawatra)។ លោកបន្ថែមថាលោក បា្រយុទ្ធ អាចនឹងមិនត្រឹមតែមិនរបូតអំណាចទេ ផ្ទុយទៅវិញថែមទាំងអាចបន្តកាន់ តំណែងលើស ៨ឆ្នាំទៀតផង ដោយតុលាការធម្មនុញ្ញថៃអាចនឹងសម្រេចថាអាណត្តិ ៨ឆ្នាំរបស់លោក ប្រាយុទ្ធ គឺចាប់ផ្ដើមរាប់ចាប់ពីខែមេសា ឆ្នាំ២០១៧ នៅពេលដែលរដ្ឋធម្មនុញ្ញ សព្វថ្ងៃចូលជាធរមាន ឬក៏ចាប់ផ្ដើមរាប់នៅក្រោយការបោះឆ្នោតនៅខែមីនា ឆ្នាំ២០១៩ ដោយមិនមែនចាប់ផ្ដើមរាប់នៅខែសីហា ឆ្នាំ២០១៤ នោះទេ។

ក្រុមអ្នកគាំទ្រលោក បា្រយុទ្ធ បានទទូចថាលោកត្រូវតែបន្តកាន់អំណាចក្នុងពេលបច្ចុប្បន្ន ពីព្រោះថាថៃនឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិក (Asia-Pacific Economic Cooperation) នៅខែវិច្ឆិកាខាងមុខនេះ។ លើសពីនេះទៅទៀត នោះគឺលោក ប្រាយុទ្ធខ្លួនឯងមិនបានបង្ហាញពីសញ្ញាចង់លាលែង ឬចុះចេញពីតំណែងឡើយ ខណៈនៅក្នុងជួររដ្ឋាភិបាល លោកក៏នៅតែមានប្រជាប្រិយភាពខ្លាំងផងដែរ។ ជាក់ស្ដែង ឧបនាយកដ្ឋមន្ត្រីថៃ លោក បា្រវីត វ៉ុងស៊ូវ៉ាន់ (Prawit Wongsuwan) បានលើកឡើងដោយមិនបានបញ្ជាក់អ្វីទាំងអស់កាលពីពេលថ្មីៗនេះថាលោក ប្រាយុទ្ធនឹងបន្តកាន់អំណាចក្នុងរយៈពេល ២ឆ្នាំទៅមុខទៀត។

អ្នកដែលចូលរួមតាក់តែងរដ្ឋធម្មនុញ្ញ ឆ្នាំ២០១៧ មួយចំនួនបាននិយាយថាជាការពិតណាស់ មិនមានការឯកភាពគ្នាជាកុងសង់ស៊ីស ថាតើនៅពេលណាដែលអាណត្តិរបស់លោក ប្រាយុទ្ធ ចាប់ផ្ដើមរាប់ឱ្យប្រាកដនោះទេ ស្របពេលលោកប្រាយុទ្ធ នៅតែទទួលបានការគាំទ្រពីរាជវង្សថៃផងដែរ៕