(វ៉ាស៊ីនតោន)៖ លោកវេជ្ជបណ្ឌិត Anthony Fauci ដែលជាអ្នកជំនាញខាងជំងឺឆ្លងកំពូលរបស់សហរដ្ឋអាមេរិក គ្រោងនឹងលាលែងពីតួនាទីរបស់លោក ដែលគ្រប់គ្រងវិទ្យាស្ថានជាតិនៃអាឡែរហ្សី និងជំងឺឆ្លង និងក្នុងនាមជាប្រធានទីប្រឹក្សាផ្នែកវេជ្ជសាស្រ្តដល់សេតវិមាននៅចុងឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២។
វេជ្ជបណ្ឌិត Fauci បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ខ្ញុំនឹងចាកចេញពីតួនាទីទាំងនេះនៅខែធ្នូឆ្នាំនេះ ដើម្បីចាប់ផ្តើមជំពូកបន្ទាប់ នៃអាជីពរបស់ខ្ញុំ» ដោយហៅតួនាទីនេះថា «កិត្តិយសពេញមួយជីវិត»។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសរសើរលោក Fauci នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយនិយាយថា «មិនថាអ្នកបានជួបគាត់ផ្ទាល់ ឬអត់ ប៉ុន្តែគាត់មានឥទ្ធិពលលើជីវិតប្រជាជនអាមេរិកទាំងអស់ ជាមួយនឹងការងាររបស់គាត់។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសេវាកម្មសាធារណៈរបស់គាត់។ សហរដ្ឋអាមេរិកកាន់តែរឹងមាំ ធន់ និងសុខភាពកាន់តែល្អជាងដោយសារគាត់..»។
ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ លោក Fauci តែងតែប្រយុទ្ធនឹងព័ត៌មានមិនពិតដែលពេលខ្លះព័ត៌មានទាំងនោះ មកពីកម្រិតខ្ពស់បំផុតរបស់រដ្ឋាភិបាលក៏មាន។ ការប្តេជ្ញាចិត្តឥតងាករេរបស់លោកចំពោះវិទ្យាសាស្ត្របែបនេះ បានធ្វើឱ្យគាត់ក្លាយជាមនុស្សល្បីល្បាញ និងគួរឲ្យគោរពម្នាក់នៅទូទាំងប្រទេស៕