(សេអ៊ូល)៖ អ្នកនាង គីម យ៉ូជុង ដែលជាប្អូនស្រីបង្កើតរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចោទប្រកាន់ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល ថាកំពុង ប្រើប្រាស់ភាពតានតឹងនៅលើតំបន់ឧបទ្វីបកូរ៉េ ដើម្បីបម្រើផលប្រយោជន៍នយោបាយក្នុងការបង្វែរចំណាប់អារម្មណ៍ពីបញ្ហានៅក្នុងស្រុក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ភាពតានតឹងរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង បានឡើងកម្ដៅកាន់តែខ្លាំង ក្រោយទីក្រុងព្យុងយ៉ាងចុះសន្ធិសញ្ញាយោធាថ្មីមួយជាមួយរុស្ស៉ី និងបានបង្ហោះបាឡុងសណ្ដោងសំរាម ចូលក្នុងទឹកដីកូរ៉េខាងត្បូង ជាការសងសឹកទៅនឹងសកម្មជនកូរ៉េខាងត្បូងដែលបង្ហោះបាឡុងសណ្ដោងខិត្តប័ណ្ណរិះគន់របបដឹកនាំ លោក គីម ជុងអ៊ុន​ ចូលក្នុងទឹកដីកូរ៉េខាងជើង។

តាមរយៈការដកស្រង់សម្ដីចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅព្រឹកថ្ងៃចន្ទ ទី៨ ខែកក្កដានេះ អ្នកនាង គីម បានលើកឡើងថា «លោក យូន និងបក្ខពួក ដែលកំពុងធ្លាក់ចូលក្នុងវិបត្តិដឹកនំាដ៏អន់បំផុត បាន និងកំពុងព្យាយាមយករួចខ្លួន តាមរយៈការបង្កើនភាពតានតឹងមិនធ្លាប់មាន»។ អ្នកនាង គីម ធ្វើការកត់សម្គាល់បែបនេះដោយចង់ សំដៅលើញត្តិដែលមានហត្ថលេខាជាង១លាន តាមប្រព័ន្ធអនឡាញក្នុងប្រទេសកូរ៉េខាងត្បូងដែលទាមទារឱ្យលោក យូន ចុះចេញពីតំណែង។

គួរបញ្ជាក់ថា អ្នកនាង គីម យ៉ូជុង ក៏បានថ្កោលទោសការធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតរបស់កូរ៉េខាងត្បូង នៅក្បែរតំបន់ព្រំដែនផងដែរ ដោយចាត់ទុកថាជាទង្វើមិនអាចអត់ឱន ឱ្យបាន និងជាការបង្ករឿងយ៉ាងច្បាស់ក្រឡែត។ កូរ៉េខាងត្បូង បានចាប់ផ្ដើមសមយុទ្ធបាញ់កាំភ្លើងធំឡើងវិញ នៅក្បែរព្រំដែនសមុទ្រភាគខាងលិច កាលពីចុងខែមិថុនាកន្លងទៅ ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៨មក។ សមយុទ្ធនេះដែរបានធ្វើឡើង បន្ទាប់ពីទីក្រុងសេអ៊ូល បានព្យួរកិច្ចព្រមព្រៀងយោធាមួយដែលត្រូវបានចុះហត្ថលេខាជាមួយកូរ៉េខាងជើង ក្នុងឆ្នាំ២០១៨ ដើម្បីបន្ធូរបន្ថយភាពតានតឹង៕