(ញូវដែលី)៖ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi នឹងបំពេញទស្សនកិច្ចទៅកាន់អ៊ុយក្រែន នាថ្ងៃសុក្រសប្តាហ៍នេះ បន្ទាប់ពីទីក្រុងកៀវបានរិះគន់រូបលោក អំលុងទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ី កាលពីខែមុន។ នេះបើតាមការផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០២៤។
កាលពីថ្ងៃចន្ទសប្តាហ៍នេះ ក្រសួងការបរទេសនៃរដ្ឋាភិបាលទីក្រុងញូវដែលី បានប្រកាសឱ្យដឹងថា ជាដំបូង លោក Modi នឹងបំពេញទស្សនកិច្ចទៅកាន់ប៉ូឡូញ នៅថ្ងៃព្រហស្បតិ៍ មុនបន្តដំណើរទៅអ៊ុយក្រែននៅថ្ងៃបន្ទាប់។ ក្រសួងការបរទេសឥណ្ឌា បានបន្ថែមថា អំឡុងទស្សនកិច្ចខាងលើ លោក Modi នឹងពិភាក្សាអំពីស្ថានការណ៍សង្រ្គាមនៅអ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលនឹងត្រូវជួបលោក Modi បាននិយាយថា វានឹងជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំឥណ្ឌា ទៅកាន់អ៊ុយក្រែន គិតចាប់តាំងពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ី បានផ្ទុះឡើងកាលពីឆ្នាំ២០២២ ហើយនឹងមានការចុះហត្ថលេខាលើឯកសារមួយចំនួន។
គួរបញ្ជាក់ថា កាលពីខែកក្កដាកន្លងទៅ លោក Modi បានបំពេញទស្សនកិច្ចទៅកាន់រុស្ស៉ី ស្របពេលរុស្ស៉ីបានវាយប្រហារបាញ់ស្រោចលើ ទីក្រុងមួយចំនួនរបស់អ៊ុយក្រែន ហើយផ្តាច់ជីវិតមនុស្សរាប់សិបនាក់ ក្នុងនោះរួមមានទាំង នៅមន្ទីរពេទ្យកុមារមួយកន្លែង ក្នុងរដ្ឋធានីកៀវផងដែរ។ អំឡុងទស្សនកិច្ចនាពេលនោះ លោកនាយករដ្ឋមន្រ្តីឥណ្ឌា ត្រូវគេមើលឃើញឱបគ្នាជាមួយលោក ពូទីន យ៉ាងជិតស្និទ្ធស្នាល ជាសកម្មភាពមួយ ដែលត្រូវបានរិះគន់ដោយលោក ហ្សេលេនស្គី៕