(ប៉េកាំង)៖ ថ្ងៃទី៣ ខែកញ្ញា ជាទិវារំលឹកជ័យជម្នះនៃសង្គ្រាមប្រយុទ្ធប្រឆាំងហ្វាស៊ីសពិភពលោក និងទិវារំលឹកជ័យជម្នះ នៃសង្គ្រាមប្រយុទ្ធប្រឆាំង ការឈ្លានពានជប៉ុនរបស់ប្រជាជនចិន។ សង្គ្រាមលោកលើកទីពីរ ដែលផ្ទុះឡើងដោយ យោធានិយមជប៉ុន និងហ្វាស៊ីសអាល្លឺម៉ងជាទំព័រដ៏ខ្មៅងងឹតបំផុត និងសោកនាដកម្មបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលបាននាំមកគ្រោះមហន្តរាយដ៏កំណាច មិនធ្លាប់មានចំពោះបុព្វហេតុសន្តិភាព និងវឌ្ឍនភាពរបស់មនុស្សជាតិទាំងមូល។

កាលពីរដូវស្លឹកឈើជ្រុះនៃឆ្នាំ១៩៣១ ពួកយោធានិយមជប៉ុនបានបំផ្ទុះសង្គ្រាមឈ្លានពានដ៏សាហាវ ចំពោះប្រទេសចិន ដែលទៅដល់កន្លែងនីមួយៗដុតភ្លើង ចាប់រំលោភ ឆក់ប្លន់ ធ្វើការបំផ្លិចបំផ្លាញខ្ទេចខ្ទីគ្មានសល់ ក្នុងរយ:ពេល ១៤ ឆ្នាំបានបណ្តាលឱ្យប្រជាជនចិនចំនួនជាង ៣៥ សែននាក់បានរងរបួស និងស្លាប់បាត់បង់ជីវិត។

ចំពោះប្រជាជនចិន បន្ទាប់ពីបន្តទ្រាំប្រយុទ្ធស៊ូស្លាប់អស់រយ:ពេល ១៤ ឆ្នាំទើបដណ្តើមបានជ័យជម្នះ ដូច្នេះហើយប្រជាជនចិន កាន់តែដឹងច្បាស់ពីគុណតម្លៃនៃសន្តិភាព ហើយកាន់តែថែរក្សាសន្តិភាព ក៏ដូចជាគោរព ចងចាំនឹករំលឹកពលទាហាន និងរាល់អ្នកតស៊ូ ដែលបានចូលរួមការការពារប្រទេសនិងប្រជាជាតិ។

មានតែការមិនបំភ្លេចប្រវត្តិសាស្ត្រទេ ទើបអាចត្រុះត្រាយអនាគត។ ជាយូរឆ្នាំមក ដានជើងរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានទៅដល់គ្រប់ទិសទីក្នុងចិន ដើម្បីគោរពវិញ្ញាណក្ខន្ធវីរជន។កាលពីឆ្នាំ ២០២១ នៅសួនរំលឹកប្រតិបត្តិការតស៊ូប្រយុទ្ធនៅសៀងជាំង នៃមហាដំណើររបស់កងទ័ពក្រហម ដែលស្ថិតនៅ ភូមភាគស្វយ័តជនជាតិជួង Guangxi លោកបានចូលរួមដាក់កម្រងផ្កា ជូនវីរជនកងទ័ពក្រហមដែលបានពលីជីវិត។

ក្រោយមក នៅសារមន្ទីរ លោកបានសម្លឹងមើលយ៉ាងយូរដល់ គំនូរមួយផ្ទាំងក្រោមចំណងជើងថា «Chen Shuxiang»។ ក្នុងគំនូរ លោក Chen Shuxiang ទម្រេតខ្លួនលើប្រង់កា ឈាមហូរចេញពីពោះ។ ដើម្បីលាក់បាំងពីកងកម្លាំងសំខាន់ នៃកងទ័ពក្រហមឆ្លងកាត់ទន្លេ លោកឧត្តមសេនីយ៍កងទ័ពក្រហមរូបនេះបានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបាន សត្រូវចាប់ធ្វើជាឈ្លើយសឹក បន្ទាប់ពីដឹងខ្លួន លោកបានទាញពោះវៀនចេញពីស្នាមរបួសពោះ ហើយមួលផ្តាច់ដោយ បានពលីជីវិតយ៉ាងអង់អាច ក្នុងអាយុត្រឹមតែ២៩ឆ្នាំប៉ុណ្ណោះ។

«ពិតជាវីរជនមែន! លោក Chen Shuxiang ជាវីរបុរសពលីជីវិតគំរូមួយរូប។» លោក Xi Jinping បានដកដង្ហើមធំបង្ហាញ នូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ។ ហេតុអ្វីបដិវត្តនៃប្រទេសចិនដែលអ្នកដទៃយល់ឃើញថា ប្រហែលជាមិនអាចយកឈ្នះ ប៉ុន្តែនៅទីបំផុតបែរជាដណ្តើមបានជ័យជម្នះដ៏ពេញលេញ? លោក Xi Jinping បានបូកសរុបបែបនេះថា ៖ «ប្រវត្តិសាស្ត្របានប្រកាស នូវទ្រឹស្ដីដែលមិនអាចកែប្រែបានមួយនោះគឺ យុត្តិធម៌ឈ្នះជានិច្ច ! សន្តិភាពឈ្នះជានិច្ច! ប្រជាជនឈ្នះជានិច្ច !»

វិទ្យុមិត្តភាពកម្ពុជាចិន