(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានលើកសរសើរពីការលើកកម្ពស់ទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសជាដៃគូក្នុងតំបន់អាស៊ី។ នៅឯវេទិកា សន្តិសុខប្រចាំឆ្នាំ Shangri-La Dialogue ក្នុងប្រទេសសិង្ហបុរី កាលពីខែមិថុនាកន្លងទៅ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានដាក់ចំណងជើងឱ្យ សុន្ទរកថារបស់លោកថា «ចំណុចប្រសព្វថ្មីនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។ នៅឯវិទ្យាស្ថាន Brookings Institution ក្នុងទីក្រុងវ៉ាស៊ីនតោន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថាសហរដ្ឋអាមេរិករីករាយជាមួយការពង្រឹងទំនាក់ទំនងជាមួយបណ្ដាប្រទេសជាដៃគូសំខាន់ៗក្នុងតំបន់អាស៊ី ដោយសំអាងលើ ការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយជប៉ុន និងកូរ៉េខាងត្បូង ព្រមទាំងការពង្រឹងទំនាក់ទំនងសន្តិសុខរវាង NATO និងឥណ្ឌូប៉ាស៊ីហ្វិក។
ក៏ប៉ុន្តែ ការពិត វាមិនដូចជាអ្វីដែលលោក Austin និងលោក Blinken បាននិយាយនោះទេ ខណៈសហរដ្ឋអាមេរិកកំពុងបាត់បង់ឥទ្ធិពល និងប្រជាប្រិយភាពនៅផ្នែក ដ៏សំខាន់មួយនៃតំបន់អាស៊ី នោះគឺអាស៊ីអាគ្នេយ៍។ ជាការពិតណាស់ ប៉ុន្មានឆ្នាំថ្មីៗនេះ សហរដ្ឋអាមេរិកទទួលបានជោគជ័យមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាឧទាហរណ៍ជាក់ស្ដែង៖ រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន បានពង្រឹងទំនាក់ទំនងជាមួយហ្វីលីពីន ដែលបានអនុញ្ញាតឱ្យកងទ័ពអាមេរិកអាចចូលប្រើប្រាស់ មូលដ្ឋានទ័ពចំនួន៤បន្ថែមទៀត នៅលើទឹកដីហ្វីលីពីនកាលពីឆ្នាំ២០២៣។ ហើយការជាការឆ្លើយតបទៅនឹងទំនាក់ទំនងការទូតកម្រិតខ្ពស់ អំឡុងទស្សនកិច្ចរបស់លោក បៃដិន នៅទីក្រុងហាណូយ កាលពីខែកញ្ញា ឆ្នាំមុន វៀតណាមបានយល់ព្រមដំឡើងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។
តែទោះជាបែបនេះក្ដី ក្រៅពីហ្វីលីពីន និងវៀតណាម ប្រជាប្រិយភាពរបស់សហរដ្ឋអាមេរិកនៅក្នុងចំណោមប្រទេសភាគច្រើននៃតំបន់អាស៊ីអាគ្នេយ៍ បែរជាធ្លាក់ចុះ ទៅវិញ។ តាមការស្ទង់មតិមួយកាលពីឆ្នាំ២០២០ ជាឆ្នាំដំបូងដែលវិទ្យាស្ថាន ISEAS-Yusof Ishak មានមូលដ្ឋានក្នុងប្រទេសសិង្ហបុរីចាប់ផ្ដើមធ្វើការស្ទង់មតិភ្ជាប់ជាមួយ សំណួរថា «តើប្រសិនបើបង្ខំចិត្តត្រូវជ្រើសរើសរវាងសហរដ្ឋអាមេរិក និងចិន តើអ្នករើសយកមួយណា?» អ្នកដែលត្រូវបានសម្ភាសន៍មាន ៥០.២ភាគរយ បានជ្រើសរើស យកសហរដ្ឋអាមេរិក ធៀបទៅនឹង ៤៩.៨ភាគរយរើសយកចិន។ នៅឆ្នាំ២០២៣ អ្នកដែលត្រូវបានសម្ភាសន៍រួមមានបញ្ញាវន្ត វិស័យឯកជន សង្គមស៊ីវិល អង្គការក្រៅ រដ្ឋាភិបាលអន្តរជាតិ និងមន្ត្រីរដ្ឋាភិបាល នៅតាមបណ្ដាប្រទេសជាសមាជិកអាស៊ាន ៦១ភាគរយបានរើសយកអាមេរិក ធៀបទៅនឹង ៣៩ភាគរយរើសយកចិន បើទោះជា ការគាំទ្រចំពោះអាមេរិក បានធ្លាក់ចុះនៅក្នុងប្រទេសព្រុយណេ ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី និងថៃក៏ដោយ។
រហូតដល់ឆ្នាំ២០២៤នេះ ចិនបាននាំមុខសហរដ្ឋអាមេរិក។ ការស្ទង់មតិក្នុងឆ្នាំនេះបានបង្ហាញថាអ្នកដែលត្រូវបានសម្ភាសន៍ ៥០.៥ភាគរយបានរើសយកចិន រីឯ ៤៩.៥ភាគរយបានរើសយកអាមេរិក។ ក្នុងតំបន់អាស៊ីអាគ្នេយ៍ សហរដ្ឋអាមេរិក នៅតែមានការគាំទ្រខ្លំាង នៅហ្វីលីពីនដែល ៨៣ភាគរយនៃអ្នកត្រូវបានសាកសួរបាន រើសយកអាមេរិក នៅវៀតណាម មាន៧៩ភាគរយ និងសិង្ហបុរី មាន៦២ភាគរយ។ ដោយឡែក អ្នកដែលត្រូវបានសាកសួរ ក្នុងនោះរួមមានទាំងមន្ត្រីរដ្ឋាភិបាលនៃប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះរួមមានសម្ព័ន្ធមិត្តមួយក្នុងចំណោម ២របស់អាមេរិក គឺថៃ និងប្រទេសជាដៃគូ ២ ក្នុងចំណោម៤ ដែលអាមេរិកកំពុងបញ្ចុះបញ្ចូលឱ្យចូលរួម ក្នុងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក គឺឥណ្ឌូណេស៊ី និងម៉ាឡេស៊ី បាននិយាយថាពួកគេនឹងជ្រើសរើសចិន ប្រសិនបើបង្ខំចិត្តត្រូវជ្រើសរើសរវាងចិន និងអាមេរិក។ ការស្ទង់មតិ របស់វិទ្យាស្ថានសិង្ហបុរីដដែល ក៏បានបង្ហាញដែរថាសហរដ្ឋអាមេរិកបានបាត់បង់ការគាំទ្រមួយផ្នែកធំនៅតាមបណ្ដាប្រទេសដែលមានអ្នកកាន់សាសនាអ៉ីស្លាមភាគច្រើន ដោយ ៧៥ភាគរយនៃអ្នកដែលត្រូវបានសាកសួរនៅម៉ាឡេស៊ី ៧៣ភាគរយនៅឥណ្ឌូណេស៊ី និង៧០ភាគរយនៅព្រុយណេ បាននិយាយថាពួកគេនឹងជ្រើសរើសយកចិន ធៀបទៅនឹងកាលពីឆ្នាំ២០២៣ ដែលមានអត្រា ៥៥ភាគរយនៅម៉ាឡេស៊ី ៥៤ភាគរយ នៅឥណ្ឌូណេស៊ី និង៥៥ភាគរយនៅព្រុយណេ។
នៅពេលត្រូវបានសាកសួរពីសំណួរពាក់ព័ន្ធនឹងបញ្ហាភូមិសាស្ត្រនយោបាយវិញ ជិតពាក់កណ្ដាលនៃអ្នកត្រូវបានសម្ភាសន៍ក្នុងប្រទេសទាំង៣នេះ បាននិយាយថាពួកគេ ខ្វាយខ្វល់ចំពោះសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសនៅក្នុងតំបន់ហ្កាហ្សា។ និយាយដល់សង្រ្គាមហ្កាហ្សា ការគំាទ្ររបស់សហរដ្ឋអាមេរិកចំពោះអ៉ីស្រាអែលត្រូវបាន ក្រុមអ្នកវិភាគខ្លះមើលឃើញថាជាហេតុផលចម្បងមួយដែលជំរុញប្រទេសអាស៊ីអាគ្នេយ៍មានកាន់សាសនាអ៉ីស្លាមភាគច្រើនទាំង៣ ងាកទៅរកចិន។ តួយ៉ាង មន្ត្រីការទូត ជាន់ខ្ពស់ម្នាក់របស់ម៉ាឡេស៊ី បាននិយាយចំៗថា «យើងនឹងរើសយកចិន ដោយសារតែហ្កាហ្សា»។
ការកើនឡើងឥទ្ធិពលរបស់ចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រាកដណាស់វានឹងបង្កការលំបាកដល់សហរដ្ឋអាមេរិក ក្នុងការទំនាក់ទំនងទ្វេភាគី និងពហុភាគីក្នុងតំបន់ឱ្យមាន ប្រសិទ្ធភាពខាងយុទ្ធសាស្ត្រ។ ជាឧទាហរណ៍ងាយយល់បំផុត គេអាចសម្លឹងមើលគោលជំហរយ៉ាងប្រុងប្រយ័ត្នរបស់អាស៊ាន ចំពោះបញ្ហាសមុទ្រចិនខាងត្បូង។ បើទោះជា ពួកគេគ្រប់គ្នាសុទ្ធតែបានឃើញពីការកើនឡើងសកម្មភាពរបស់ចិននៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ហ្វីលីពីននាប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ក៏អាស៊ានមិនបានចេញ សេចក្ដីថ្លែងការណ៍រួមដោយហៅចិនចំៗឈ្មោះនោះទេ។ មិនតែប៉ុណ្ណោះ ការបាត់បង់ឥទ្ធិពលមួយចំនួនរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍ ក៏អាចធ្វើឱ្យខូចដល់ប្រយោជន៍ ឬឥទ្ធិពលរបស់អាមេរិកនៅតំបន់ផ្សេងទៀតផងដែរ មិនថានៅក្នុងកិច្ចប្រឹងប្រែងមូលការគាំទ្រដើម្បីថ្កោលទោសលើការឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែន ឬក៏ការគាំទ្រដល់ គោលនយោបាយរបស់វ៉ាស៊ីនតោននៅមជ្ឈិមបូព៌ាឡើយ។
សហរដ្ឋអាមេរិក បានអំពាវនាវឱ្យពិភពលោកថ្កោលទោស និងចូលរួមដាក់ទណ្ឌកម្មប្រឆាំងរុស្ស៉ី ជុំវិញការឈ្លានពានអ៊ុយក្រែនដែលរដ្ឋបាលលោក បៃដិន ចាត់ទុកថាជា ការរំលោភបំពានច្បាប់អន្តរជាតិ និងបំផ្លាញផលប្រយោជន៍នៃប្រទេសនានានៅទូទាំងសកល។ ប៉ុន្តែ ការអំពាវនាវនេះមិនអាចចាក់ចូលត្រចៀករបស់ប្រទេសភាគច្រើន ក្នុងតំបន់អាស៊ីអាគ្នេយ៍បានទេ ហើយព្រមពេលជាមួយគ្នា ប្រទេសភាគច្រើនក្នុងតំបន់ថែមទាំងបានលើកពីរុស្ស៉ី និងចិនទៀតផង នៅពេលនិយាយដល់កិច្ចចរចាស្វែងរក សន្តិភាព។ លើសពីនេះទៅទៀត ការយល់ថាសហរដ្ឋអាមេរិកមានស្ដង់ដារ២ នៅក្នុងការអនុវត្តគោលនយោបាយការបរទេស និងគោលដៅប្រយោជន៍ផ្ទាល់ខ្លួន នៅក្នុង ការប្រជែងជាមួយចិន ក៏ធ្វើឱ្យសហរដ្ឋអាមេរិកពិបាកនឹងប្រមូលការគាំទ្រផងដែរ។ ពោលគឺនៅពេលដែលប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ភាគច្រើន សម្លឹងទៅរកអាមេរិក ពួកគេតែងតែគិតទៅដល់មុនគេថាអាមេរិកសព្វថ្ងៃជាប្រទេសមួយដែលច្របូកច្របល់ផ្ទៃក្នុង ហើយគិតតែពីប្រយោជន៍ខ្លួនឯងនៅក្នុងរបៀបវារៈនៃនយោបាយការបរទេស។
តែទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគនៅតែជឿថាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសគឺអាស៊ានប្រាកដជានឹងមិនបណ្ដោយឱ្យទំនាក់ទំនងជាមួយអាមេរិក ដើរ ដល់ផ្លូវបំបែកមិនអាចត្រឡប់ក្រោយជាដាច់ខាត។ ពីព្រោះថាបើគ្មានវត្តមានរឹងមាំរបស់សហរដ្ឋអាមេរិកទេ តំបន់ទាំងមូលអាចនឹងស្ថិតក្រោមឥទ្ធិពលចិនផ្ដាច់មុខ ដែលនេះ មិនមែនជារឿងល្អសម្រាប់អាស៊ានទេ ហើយដើរផ្ទុយពីយុទ្ធសាស្ត្រដែលពួកគេកំពុងដើរ។ នោះគឺទាញយកប្រយោជន៍ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាននៅចន្លោះ ការប្រជែងរវាងសហរដ្ឋអាមេរិក និងចិន ជាមួយការព្យាយាមរក្សាជំហរអាព្យាក្រឹតឱ្យដល់ទីបំផុត៕