(ម៉ានីល)៖ ក្រសួងការបរទេសហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញានេះ បានបញ្ជាក់ឡើងវិញពីជំហររបស់ទីក្រុងម៉ានីល ចំពោះតំបន់ថ្មប៉ប្រះទឹក Sabina Shoal នៅសមុទ្រចិនខាងត្បូង បើទោះជាយល់ស្របជាមួយចិន ដើម្បីស្វែងរកមធ្យោបាយបន្ធូរបន្ថយភាពតានតឹងក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមសេចក្ដីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសហ្វីលីពីន ទីក្រុងម៉ានីល និងទីក្រុងប៉េកាំងបានរៀបចំកិច្ចពិភាក្សាជាច្រើនជុំ នៅក្រោមយន្ដការពិគ្រោះយោបល់ទ្វេភាគីនៅក្នុងប្រទេសចិន កាលពីថ្ងៃទី១១ ខែកញ្ញាកន្លងទៅ។ ប្រទេសទាំង២ ក៏បានឯកភាពគ្នាផងដែរថានឹងបន្តកិច្ចពិភាក្សាលើកិច្ចសហប្រតិបត្តិការមួយចំនួន តួយ៉ាងដូចជាយន្ដការខ្សែទូរស័ព្ទបន្ទាន់ កិច្ចសហប្រតិបត្តិការវាងឆ្មាំសមុទ្រ វិទ្យាសាស្ត្រសមុទ្រ និងកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យា។
ចំណែក ក្រសួងការបរទេសចិន នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក៏បានលើកឡើងកាលពីយប់ថ្ងៃពុធដែរថាភាគីប៉េកាំងបានបញ្ជាក់ឡើងវិញពីសំណើរបស់ខ្លួន ស្នើឱ្យហ្វីលីពីនដកនាវា របស់ខ្លួនចេញពីដែនទឹកកំពុងមានវិវាទជាបន្ទាន់ ហើយសន្យាថានឹងការពារអធិតេយ្យរបស់ខ្លួនជាដាច់ខាត។ ឆ្មាំសមុទ្រហ្វីលីពីនបានចតនាវា Theresa Magbanua ក្នុងតំបន់ថ្មប៉ប្រះទឹក Sabina Shoal ចាប់តាំងពីពាក់កណ្ដាលខែមេសាមក ដោយបារម្ភថាចិនអាចនឹងធ្វើសកម្មភាពទាមទារសិទ្ធិគ្រប់គ្រងនៅជុំវិញតំបន់ថ្មប៉ប្រះទឹកមួយនេះ។
គួរបញ្ជាក់ថា ទាំងចិន និងហ្វីលីពីន សុទ្ធតែបានអះអាងថាកិច្ចពិភាក្សាអំពីបញ្ហាសមុទ្រចិនខាងត្បូង បានប្រព្រឹត្តទៅប្រកបដោយភាពស្មោះត្រង់ ហើយដែលកិច្ចពិភាក្សានេះដែរកើតមានឡើង ចំពេលប្រទេសទាំង២ កំពុងមានភាពតានតឹងនឹងគ្នា ជុំវិញការចោទប្រកាន់ និងការទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក ទាក់ទិននឹងឧបទ្ទវហេតុនាវាបុកគ្នា នៅដែនទឹកក្បែរតំបន់មានវិវាទ កាលពីខែសីហាកន្លងទៅ។
កាលពីខែកក្កដាកន្លងទៅ ហ្វីលីពីន និងចិន បានឈានដល់កិច្ចព្រមព្រៀងបណ្ដោះអាសន្នជាមួយហ្វីលីពីន ដោយយល់ព្រមឱ្យម៉ានីលធ្វើបេសកកម្មដឹកស្បៀង និងសម្ភារៈចាំបាច់ ទៅឱ្យ ទាហានហ្វីលីពីនមួយក្រុមតូចឈរជើងនៅលើខ្មោចនាវាចម្បាំងមួយគ្រឿង នៅឯតំបន់ថ្មប៉ប្រះទឹក Second Thomas shoal។ ប៉ុន្តែការប៉ះទង្គិចគ្នារវាងនាវានៃឆ្មាំសមុទ្រប្រទេសទាំង២ នៅតែកើតឡើងដដែល៕