(កៀវ)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក និងរដ្ឋមន្រ្តីការបរទេសអង់គ្លេស បានជួបលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃពុធសប្តាហ៍នេះ និងបានផ្តល់នូវការគាំទ្របន្តទៀតចំពោះអ៊ុយក្រែន ប៉ុន្តែគ្មានដំណោះស្រាយទេជុំវិញសំណើសុំ ដើម្បីប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយលើទឹកដីរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសាព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ ២០២៤។
លោក Antony Blinken និងលោក David Lammy បានទៅដល់ទីក្រុងកៀវ ក្នុងដំណើរទស្សនកិច្ចដែលរំខានដោយ សំលេងស៉ីរ៉ែនព្រមានពីការវាយប្រហារតាមផ្លូវអាកាស។ លោក Blinken បានប្រាប់អ្នកសារព័ត៌មានដូច្នេះថា «ក្នុងចំណោមបញ្ហានានា យើងពិភាក្សាអំពីការប្រើអាវុធរយៈចម្ងាយឆ្ងាយ ប៉ុន្តែក៏មានរឿងមួយចំនួនទៀតដែរ។ ដូចដែលខ្ញុំបាននិយាយកាលដើមថា ខ្ញុំនឹងយកអ្វីដែលបានពិភាក្សាគ្នាពេលនេះ ត្រលប់ទៅវ៉ាស៉ីនតោនវិញ ដើម្បីប្រាប់ដល់លោកប្រធានាធិបតី បៃដិន»។
លោក Lammy ក៏បានបញ្ជាក់ក្នុងសន្និសីទរួមគ្នានោះដែរថា «យើងកំពុងស្តាប់ដោយយកចិត្តទុកដាក់ និងពិភាក្សាអំពីបញ្ហាប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយ រួមទាំងសម្ភារយោធា ដែលអ៊ុយក្រែនត្រូវការដើម្បីឈ្នះសង្រ្គាម»។ តាមរដ្ឋមន្រ្តីការបរទេសអង់គ្លេសរូបនេះ ការពិភាក្សានោះអាចបន្តរយៈពេលពីរ ទៅបីសប្តាហ៍ទៀត ដែលធ្វើឱ្យអ៊ុយក្រែនខកចិត្ត ត្បិតសង្ឃឹមថាលោកខាងលិចអាចបំបែកភាពភ័យខ្លាចនេះបាន។
គួរបញ្ជាក់ថា លោក ហ្សេលេនស្គី បានស្នើដល់សម្ព័ន្ធមិត្តរបស់ខ្លួន អស់ជាច្រើនខែមកហើយ ដើម្បីអនុញ្ញាតឱ្យអ៊ុយក្រែន បាញ់មីស៉ីលផ្តល់ពីលោកខាងលិច រួមទាំង ATACMS រយៈចម្ងាយឆ្ងាយរបស់សហរដ្ឋអាមេរិក និងមីស៉ីល Storm Shadows របស់អង់គ្លេសចូលទៅក្នុងទឹកដីរុស្ស៉ី។ ប៉ុន្តែបញ្ហានៅត្រង់ថា ការភ័យព្រួយនៅតែមានក្នុងទីក្រុងវ៉ាស៉ីនតោន ក៏ដូចជានៅអឺរ៉ុប ដែលថាការដកការរឹតបន្តឹងឱ្យប្រើអាវុធរយៈចម្ងាយឆ្ងាយ អាចបង្កទៅជាជម្លោះដោយផ្ទាល់រវាងរុស្ស៉ី និងលោកខាងលិច ស្របពេលទទួលស្គាល់ថា អ៊ុយក្រែនត្រូវការជំនួយថែមមួយកំរិតទៀត បើចង់ផ្លាស់ប្តូរលទ្ធផលក្នុងសមរភូមិសង្រ្គាម៕