(តូក្យូ)៖ នៅថ្ងៃព្រហស្បតិ៍នេះ ការប្រកួតប្រជែងដើម្បីក្លាយជា នាយករដ្ឋមន្រ្តីថ្មីនៃប្រទេសជប៉ុន បានចាប់ផ្តើមប្រព្រឹត្តទៅ ដោយមានបេក្ខជនច្រើនមិនធ្លាប់មាន ចំនួន៩នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤។
អ្នកទទួលជ័យជម្នះ ក្នុងការជ្រើសរើសមេដឹកនាំថ្មី សម្រាប់បក្សកាន់អំណាច Liberal Democratic Party (LDP) នាថ្ងៃទី២៧ ខែកញ្ញា នឹងក្លាយជាអ្នកបន្តវេនពី នាយករដ្ឋមន្រ្តី លោក Fumio Kishida។ ដោយសារគណបក្ស LDP គ្រប់គ្រងសំឡេងភាគច្រើននៅក្នុងសភា នោះអ្នកដែលឈ្នះជាប្រធានបក្ស នឹងត្រូវក្លាយជានាយករដ្ឋមន្រ្តីថ្មី ដោយស្វ័យប្រវត្តិ។
បេក្ខជនដែលនាំមុខគេ ក្នុងការស្ទង់មតិគិតមកទល់ពេលនេះ គឺលោក Shinjiro Koizumi អាយុ៤៣ឆ្នាំ ដែលជាកូនប្រុសរបស់ អតីតនាយករដ្ឋមន្រ្តីដ៏មានប្រជាប្រិយ លោក Junichiro Koizumi ហើយនិងអតីតរដ្ឋមន្រ្តីការពារជាតិ Shigeru Ishiba វ័យ៦៧ឆ្នាំ។ ទន្ទឹមគ្នា ក៏មានបេក្ខជនលេចធ្លោជាស្រ្តី ចំនួន២រូបផងដែរ គឺលោកស្រី Sanae Takaichi អាយុ៦៣ឆ្នាំ ដែលជារដ្ឋមន្រ្តីសន្តិសុខសេដ្ឋកិច្ច និងរដ្ឋមន្រ្តីការបរទេស លោកស្រី Yoko Kamikawa អាយុ៧១ឆ្នាំ។
គួរបញ្ជាក់ថា ប្រធានគណបក្ស LDP កាន់តំណែងក្នុងមួយអាណត្តិ មានរយៈពេល៣ឆ្នាំ ហើយអាចកាន់បានរហូតដល់ ៣អាណត្តិជាប់ៗគ្នា។ លោក Kishida បានសម្រេចចិត្ត មិនបន្តឈរឈ្មោះប្រកួតប្រជែង ក្រោយលោកបានធ្លាក់ចុះប្រជាប្រិយភាពយ៉ាងខ្លាំង ដោយសារតែរឿងអាស្រូវផ្សេងៗ ពាក់ព័ន្ធរដ្ឋាភិបាលរបស់លោក។ មានតែសមាជិកសភា និងក្រុមអ្នកតំណាងប្រចាំតំបន់របស់បក្ស LDP ប៉ុណ្ណោះ នឹងចូលរួមក្នុងការបោះឆ្នោតជ្រើសរើសប្រធានបក្សថ្មី ក្រោយការជជែកតស៊ូមតិ ដែលនឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ រវាងបេក្ខជន៕