(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីដើមខែកញ្ញាកន្លងទៅនេះបានសន្យាផ្ដល់មូលនិធិ ៥១ពាន់លានដុល្លារដល់បណ្ដាប្រទេសក្នុងតំបន់អាហ្វ្រិក ដើម្បីជួយកសាងហេដ្ឋារចនាសម្ព័ន្ធ និងបង្កើតការងារ ១លានកន្លែង ក្នុងគោលបំណងគាស់រំលើងអំណាចពាណិជ្ជកម្ម និងបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក។ សម្រាប់ចិន ក្រុមប្រទេស Global South បានក្លាយជាមូលដ្ឋានថ្មីមួយដ៏សំខាន់ នៃភូមិសាស្ត្រសេដ្ឋកិច្ច។ ការគិតបែបនេះរបស់ចិន គឺឈរលើមូលដ្ឋាននៃការផ្លាស់ប្ដូរនូវកំណើនសេដ្ឋកិច្ចចេញពីបណ្ដាប្រទេសអភិវឌ្ឍ ទៅកាន់ប្រទេសកំពុងអភិវឌ្ឍក្នុងនោះរួមមានទាំងចិនផងដែរ។
បើតាមទិន្នន័យចេញផ្សាយដោយមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ក្រុមប្រទេសទីផ្សារងើបឡើងថ្មី និងក្រុមប្រទេសកំពុងអភិវឌ្ឍ ឬ Global South គឺតំណាងឱ្យ៤៤ភាគរយនៃផលិតផលក្នុងស្រុកសរុប ឬ GDP របស់ពិភពលោក នៅក្នុងលក្ខខណ្ឌអំណាចទិញក្នុងឆ្នាំ២០០០។ សព្វថ្ងៃវិញ បណ្ដាប្រទេសទាំងនេះបានចូលរួមចំណែក ៥៩ភាគរយនៃទិន្នផលសេដ្ឋកិច្ចពិភពលោក ហើយ IMF ព្យាករថាអាច នឹងកើនឡើងដល់ ៦២ភាគរយនៅឆ្នាំ២០២៩។ ម្លោះហើយផ្អែកលើទស្សនៈរបស់ចិន ការពង្រីកទំនាក់ទំនងសេដ្ឋកិច្ចជាមួយបណ្ដាប្រទេសទាំងនេះជារឿងចាំបាច់ក្រោមហេតុផលធំៗ ២យ៉ាង។
ទី១៖ កំណើនសេដ្ឋកិច្ចនៃបណ្ដាប្រទេស Global South នឹងជួយបង្កើនតម្រូវការនាំចេញសម្រាប់ចិន ដែលកំពុងប្រឈមមុខនឹងរបាំងពាណិជ្ជកម្មនៅក្នុងបណ្ដាប្រទេសលោកខាងលិច។ ពិតមែនទៅ ចំណែកនាំចេញរបស់ចិនទៅកាន់ក្រុមប្រទេសកំពុងអភិវឌ្ឍ តួយ៉ាងក្នុងតំបន់អាស៊ីអាគ្នេយ៍បានកើនឡើងយ៉ាងឆាប់រហ័សនាប៉ុន្មានឆ្នាំថ្មីៗនេះ។ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីលើមុខទំនិញរវាងចិន និងតំបន់នេះទាំងមូលមានទំហំ ៥១៥ពាន់លានដុល្លារកាលពីឆ្នាំ២០១៧ មួយឆ្នាំមុនសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិនផ្ទុះឡើង ហើយបានកើនឡើងដល់៩១១ពាន់លានដុល្លារ កាលពីឆ្នាំ២០២៣ ដោយធ្វើឱ្យសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ានក្លាយជាដៃគូពាណិជកម្មធំបំផុតរបស់ចិន។
ទី២៖ ក្រៅតែពីផ្ដល់ឱ្យចិននូវទីផ្សារសម្រាប់លក់ផលិតផល និងបច្ចេកវិទ្យា ដែលកំពុងត្រូវបានព្យាយាមរាំងខ្ទប់ពីសំណាក់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ក្រុមប្រទេសកំពុងអភិវឌ្ឍក៏បានផ្ដល់ផ្លូវកាត់មួយ សម្រាប់ចិនគេចពីការរឹតត្បិតរបស់លោកខាងលិចផងដែរ។ ការវិនិយោគរបស់ក្រុមហ៊ុនចិននឹងជួយឱ្យបណ្ដាប្រទេសទាំងនេះផលិតផលិតផលដោយប្រើប្រាស់ធាតុផ្សំមានប្រភពមកពីចិន ប៉ុន្តែមាន គោលដៅនាំចេញទៅផ្សារលោកខាងលិច។ ជាឧទាហរណ៍៖ ផលិតផលមួយភាគធំដែលចិននាំចេញទៅកាន់ទីផ្សារបណ្ដាប្រទេសជាសមាជិកអាស៊ាន គឺជា «ផលិតផលពាក់កណ្ដាលសម្រេច» ដែលធ្វើ ឱ្យផលិតផលទាំងនោះអាចចូលទៅកាន់ទីផ្សារអាមេរិកបាន។ ជាការពិតណាស់ សហរដ្ឋអាមេរិក និងលោកខាងលិចអាចនឹងព្យាយាមបិទទ្វារក្រោយមួយនេះរបស់ចិន។ ប៉ុន្តែពួកគេក៏ប្រហែលជាត្រូវ លះបង់ខ្ពស់ដែរ ក្នុងការបង្កើតគោលនយោបាយពាណិជ្ជកម្មជាមួយក្រុមប្រទេស Global South។ ផ្ទុយទៅវិញ ក្រុមហ៊ុនចិនអាចបង្វែរការវិនិយោគរបស់ពួកគេ និងបង្កើតរោងចក្រដំឡើងកាន់តែ ងាយស្រួលជាងមុន ដោយសារតែការកើនឡើងតួនាទីរបស់ម៉ាឡេស៊ី ថៃ និងវៀតណាម នៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់សម្រាប់ផ្ទាំងសូឡា។
ប្រទេសកំពុងអភិវឌ្ឍជាច្រើនស្វាគមន៍ការវិនិយោគពីចិន ដ្បិតវាជួយបង្កើតការងារនៅក្នុងស្រុក។ ដូច្នេះការដាក់ទណ្ឌកម្ម ឬដំឡើងពន្ធលើបណ្ដាប្រទេសដែលប្រើប្រាស់ធាតុផ្សំផលិតដោយចិន នឹងមិនអាច ឱ្យសហរដ្ឋអាមេរិកប្រមូលបានការគាំទ្រ និងរកបានមិត្តថ្មីៗនោះឡើយ។ ពីព្រោះក្នុងកែវភ្នែកក្រុមប្រទេស Global South មួយចំនួន លោកខាងលិច ជាពិសេសសហរដ្ឋអាមេរិកតែងតែចូលចិត្តប្រើប្រាស់ អំណាច ឬទណ្ឌកម្មដើម្បីបង្ខំឱ្យអ្នកដទៃដើរតាមគោលនយោបាយរបស់ខ្លួន ជាក់ស្ដែងដូចជាការដាក់ទណ្ឌកម្មលើរុស្ស៉ីជាដើម។ ការយល់ឃើញបែបនេះ អាចផ្ដល់ឱកាសឱ្យចិនប្រមូលការគាំទ្រពី ក្រុមប្រទេស Global South ដើម្បីស៊ីសងគ្នាជាមួយសហរដ្ឋអាមេរិក ដូចដែលអាមេរិកគៀងគរប្រទេសអឺរ៉ុបទប់ទល់ជាមួយចិន។ ប៉ុន្តែ វាមិនមែនជារឿងងាយស្រួលទេសម្រាប់លោក ស៊ី ជីនពីង។ ណាមួយ Global South គឺក្រុមប្រទេសចម្រុះ ក្នុងនោះឥណ្ឌាជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ដែលត្រូវបានរំពឹងថានឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចលេខ៣ នៅលើពិភពលោក នៅប៉ុន្មានឆ្នាំខាងមុខ ក៏ជាគូប្រជែងមួយដ៏ធំរបស់ចិនផងដែរ ខណៈប្រទេស Global South ដទៃទៀតដូចជាម៉ិកស៉ិក និងអេហ្ស៉ីប មានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកល្អប្រសើរជាងជាមួយចិន។
លើសពីនេះទៅទៀត លោកខាងលិចក៏នឹងមិនបោះបង់ Global South ទៅឱ្យចិនដោយងាយៗនោះដែរ។ នៅត្រង់នេះ វាជាឱកាសដែលក្រុមប្រទេសកំពុងអភិវឌ្ឍត្រូវក្ដាប់ឱ្យជាប់ ដើម្បីស្វែងរកប្រយោជន៍ សម្រាប់ប្រជាជនរបស់ពួកគេ តាមរយៈការស្វាគមន៍ការវិនិយោគពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក នៅក្នុងការប្រជែងរវាងអាមេរិក និងចិន។ ការពង្រីកឥទ្ធិពល និងស្វែងរកផលប្រយោជន៍ ក៏នឹងតម្រូវឱ្យចិនធ្វើការលះបង់ដែរ។ ក្នុងរយៈពេលខ្លី ទីក្រុងប៉េកាំងអាចប្រឈមមុខនឹងការអំពាវនាវកាន់ច្រើនឡើងឱ្យលុបចោលបំណុលខ្លះៗដែលខ្លួនផ្ដល់ឱ្យក្រុមប្រទេសកំពុងអភិវឌ្ឍ ហើយនៅក្នុង រយៈពេលវែង ចិនអាចប្រឈមនឹងការបាត់បង់ប្រទេសជាដៃគូពាណិជ្ជកម្មថ្មីៗ ប្រសិនបើបណ្ដោយឱ្យមាន «អតិរេកពាណិជ្ជកម្មខ្លាំងពេក» ដូចដែលខ្លួនធ្លាប់មានជាមួយលោកខាងលិច អស់ពេលជាង ២ទសវត្សរ៍មកនេះ។
តែទោះជាបែបនេះក្ដី បញ្ហាប្រឈមទាំងនេះមិនអាចកំញើញ ឬរារាំងលោក ស៊ី ជីនពីង ពីការបន្តកិច្ចប្រឹងប្រែងពង្រឹងទំនាក់ទំនងជាមួយក្រុមប្រទេស Global South បានឡើយ។ ពីព្រោះថាទំនាក់ទំនង សេដ្ឋកិច្ចរបស់ចិនជាមួយលោកខាងលិច មានតែកាន់តែអាក្រក់ទៅៗប៉ុណ្ណោះ ដែលនេះធ្វើឱ្យរូបលោកនៅសល់ជម្រើសតិចតួចនៅក្នុងដៃ៕