(វ៉ាស៉ីនតោន)៖ សេតវិមានប្រកាសថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងធ្វើជាម្ចាស់ផ្ទះទទួល បណ្តាមេដឹកនាំនៃសម្ព័ន្ធមិត្ត ដូចជា អូស្រ្តាលី ឥណ្ឌា និងជប៉ុន នៅឯទីក្រុងកំណើតរបស់លោកគឺ Wilmington នៃរដ្ឋ Delaware នៅថ្ងៃទី២១ ខែកញ្ញាខាងមុខ សម្រាប់កិច្ចពិភាក្សាដែលផ្តោតលើចិន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ ២០២៤។
កិច្ចប្រជុំកំពូលនេះនឹងធ្វើឡើងខណៈដែលលោក បៃដិន សម្លឹងរកការបន្សល់ទុកគោលនយោបាយការបរទេសរបស់លោក សម្រាប់រយៈពេលដែលនៅសល់ ក្នុងនាមជាប្រធានាធិបតីអាមេរិកមួយអាណត្តិ ក្រោយដកខ្លួនចេញពីការប្រកួតប្រជែង ការបោះឆ្នោត ហើយប្រគល់ទៅឱ្យអនុប្រធានាធិបតី លោកស្រី Kamala Harris។
លោកស្រី Karine Jean-Pierre អ្នកនាំពាក្យសេតវិមានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា «នេះជាលើកដំបូងរបស់លោក បៃដិន ដែលទទួលជួបមេដឹកនាំបរទេស នៅឯទីក្រុងកំណើតរបស់លោក ក្នុងនាមជាប្រធានាធិបតី ដោយវាបានឆ្លុះបញ្ចាំងឱ្យឃើញ ពីមនោសញ្ចេតនាជ្រាលជ្រៅរបស់លោក ចំពោះមេដឹកនាំ Quad និងសារៈសំខាន់នៃ Quad សម្រាប់សហរដ្ឋអាមេរិក»។
សេតវិមានមិនបានលើកចំឈ្មោះចិននោះទេ ប៉ុន្តែនិយាយថាមេដឹកនាំទាំងអស់ នឹងផ្តោតលើការបន្តចែករំលែកទស្សនៈ ស្តីពីតំបន់ឥណ្ឌូប៉ាស៉ីហ្វិកសេរី និងបើកចំហរ។ ជារឿយៗ Quad តែងតែនិយាយដល់តំបន់នេះ នៅពេលពិភាក្សាគ្នាទាក់ទងនឹង ភាពតានតឹងជាមួយចិន ជាពិសេសការប្រឈមមុខរវាងចិន-ហ្វីលីពីន នៅសមុទ្រចិនខាងត្បូង៕