(ហាវ៉ាណា)៖ ប្រទេសគុយបាកំពុងជួបប្រទះវិបត្តិទឹកយ៉ាងធ្ងន់ធ្ងរ ដោយរាប់រយពាន់នាក់ រួមទាំងអ្នករស់នៅក្នុងរដ្ឋធានី Havana កំពុងជួបប្រទះការខ្វះខាតទឹកប្រើប្រាស់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។
បញ្ហានេះកាន់តែធ្ងន់ធ្ងរឡើង ដោយសារកង្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និងអគ្គិសនី ដែលជាសញ្ញានៃវិបត្តិសេដ្ឋកិច្ចដែលបានធ្វើឱ្យប្រទេសនេះជិតដល់ការក្ស័យធន។
ហេដ្ឋារចនាសម្ព័ន្ធទឹកដែលចាស់ទ្រុឌទ្រោម កង្វះខាតប្រេងឥន្ធនៈ និងការដាច់ចរន្តអគ្គិសនីជាញឹកញាប់ គឺជាមូលហេតុចម្បងនៃវិបត្តិនេះ។ ទីក្រុង Havana ត្រូវបានរាយការណ៍ថា ជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត ប៉ុន្តែទីក្រុងធំៗជាច្រើនទៀតក៏កំពុងជួបប្រទះបញ្ហាស្រដៀងគ្នាដែរ។
គួរបញ្ជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសគុយបាត្រូវបានបំផ្លាញដោយកត្តារួមផ្សំជាច្រើន រួមទាំងជំងឺរាតត្បាតកូវីដ១៩ ការរឹតបន្តឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងគំរូអាជីវកម្មដែលគ្រប់គ្រងដោយរដ្ឋ ដែលញាំញីដោយការិយាធិបតេយ្យ ការគ្រប់គ្រងមិនត្រឹមត្រូវ និងអំពើពុករលួយ។
វិបត្តិសេដ្ឋកិច្ច និងសង្គមនេះ ត្រូវបានគេមើលឃើញថា ជាវិបត្តិដ៏ធ្ងន់ធ្ងរបំផុតមួយចាប់តាំងពីបដិវត្តន៍ឆ្នាំ១៩៥៩ ដែលនាំឱ្យមានការកើនឡើងនៃជនចំណាកស្រុកគុយបាក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ៕