(ហ្សេរុយសាឡឹម)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានព្រមានកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែលនឹងបង្កើនសកម្មភាពយោធាប្រឆាំងនឹងក្រុមប្រដាប់អាវុធហេសបូឡាលីបង់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤។
លោក Netanyahu បានប្រាប់ក្រុមរដ្ឋមន្ត្រីក្នុងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ថា «ស្ថានភាពបច្ចុប្បន្នមិនអាចបន្តបានទៀតទេ»។ លោកបានបន្ថែមថា «យើងត្រូវការការផ្លាស់ប្តូរតុល្យភាពអំណាចនៅតាមព្រំដែនភាគខាងជើងរបស់យើងជាមួយលីបង់។ យើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ ដើម្បីធានាថាប្រជាពលរដ្ឋរបស់យើងអាចត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព»។
កាលពីព្រឹកថ្ងៃអាទិត្យ អ៊ីស្រាអែល និងក្រុមហេសបូឡាបានផ្លាស់ប្ដូរការវាយប្រហារគ្នាទៅវិញទៅមក។ យោធាអ៊ីស្រាអែលបានវាយប្រហារដោយកាំភ្លើងធំនៅភាគខាងត្បូងប្រទេសលីបង់ ខណៈក្រុមហេសបូឡា បានបាញ់រ៉ុក្កែតប្រហែល ៤០គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចូលទៅភាគខាងជើងអ៊ីស្រាអែល។
យោធាអ៊ីស្រាអែលបានបញ្ជាក់ថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់កាំជ្រួចមួយចំនួន ខណៈគ្រាប់ផ្សេងទៀតបានធ្លាក់ចំតំបន់បើកចំហនៅតំបន់ហ្គាលីឡេខាងលើ និងតំបន់ភ្នំ Golan ដែលអ៊ីស្រាអែលបានកាន់កាប់។
ក្នុងពេលដំណាលគ្នានោះ យន្តហោះគ្មានមនុស្សបើកមួយគ្រឿង ត្រូវបានគេកំណត់អត្តសញ្ញាណបានឆ្លងកាត់ពីប្រទេសលីបង់ ចូលទៅក្នុងប្រទេសអ៊ីស្រាអែល ដោយធ្លាក់នៅជិតទីក្រុង Metula ។ ប៉ុន្តែគ្មានការរងរបួសត្រូវបានគេរាយការណ៍នោះទេ។
គួរបញ្ជាក់ថា ការប្រយុទ្ធគ្នាឆ្លងព្រំដែនរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាបានបន្តចាប់តាំងពីថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៣ នៅពេលដែលជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនបានផ្ទុះឡើង។ ក្រុមហេសបូឡា បាននិយាយថា ការវាយប្រហាររបស់ខ្លួនលើអ៊ីស្រាអែល មានបំណងគាំទ្រជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីប៕