(សៀងហៃ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃចន្ទ ទី១៦ ខែកញ្ញានេះបានរាយការណ៍ថាព្យុះដ៏ខ្លាំងមួយមិនធ្លាប់មានក្នុងរយៈពេលជាង៧០ឆ្នាំមកនេះបានវាយប្រហារលើទីក្រុងសៀងហៃ ដោយ បង្ខំឱ្យជើងហោះហើរជាច្រើនត្រូវបានលុបចោល និងផ្លូវជាច្រើនត្រូវផ្អាកការធ្វើចរាចរណ៍ ខណៈព្យុះទីហ្វុង Bebinca នាំមកជាមួយខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។
អាជ្ញាធរទីក្រុងសៀងហៃ បានប្រកាសភាពអាសន្នកម្រិតពណ៌ក្រហម និងបង្គាប់ឱ្យប្រជាជនរស់នៅតាមបណ្ដោយឆ្នេរជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាពរៀបចំដោយអាជ្ញាធរ។ ព្យុះទីហ្វុង Bebinca ត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV ចាត់ទុកថាជាព្យុះដ៏ខ្លាំងបំផុតមួយមិនធ្លាប់មានដែលវាយប្រហារលើទីក្រុងសៀងហៃ ចាប់តាំងពីព្យុះទីហ្វុង Gloria បក់បោកលើទីក្រុងមួយនេះ ក្នុងឆ្នាំ១៩៤៩។
គួរបញ្ជាក់ថា ជើងហោះហើររាប់រយជើងត្រូវបានលុបចោលនៅឯអាកាសយានដ្ឋានចំនួន២ ចាប់តាំងពីយប់ថ្ងៃអាទិត្យមក ហើយស្ថានីយរថភ្លើងក្នុងទីក្រុងសៀងហៃ បានផ្អាកសេវាធ្វើដំណើរ របស់ខ្លួនមួយចំនួន រីឯប្រជាជន ៩០០០នាក់ត្រូវបានជម្លៀសចេញពីតំបន់ Chongming ដែលស្ថិតនៅតាមបណ្ដោយទន្លេ Yangtze៕