(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា បានដៀមដាមដាក់តារាចម្រៀង Taylor Swift ដោយនិយាយថា រូបលោកស្អប់តារាចម្រៀងអាមេរិករូបនេះ បន្ទាប់ពី Taylor Swift ប្រកាសគាំទ្រលោកស្រី កាម៉ាឡា ហារីស ដែលជាគូប្រជែងរបស់លោកក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ដូណាល់ ត្រាំ បានសរសេរថា «ខ្ញុំស្អប់ Taylor Swift! (I HATE TAYLOR SWIFT!)»។ ភ្លាមៗ ក្រោយបញ្ចប់វេទិកាតស៊ូ មតិរវាងលោក ត្រាំ និងលោកស្រី ហារីសកាលពីសប្ដាហ៍មុន តារាចម្រៀងអាមេរិក Taylor Swift បានប្រកាសប្រាប់ followers របស់ខ្លួនជាង ២៨៤លាននាក់នៅលើ Instagram ថាខ្លួនមានគម្រោង បោះឆ្នោតឱ្យលោកស្រី កាម៉ាឡា ហារីស។
លោក ត្រាំ វិញដែលមាន followers ៧.៧១លាននាក់ នៅលើ Truth Social ក៏ធ្លាប់បានច្រានចោលការគំាទ្ររបស់លោក Taylor Swift ចំពោះលោកស្រី ហារីសផងដែរ ដោយនិយាយថារូបលោក មិនមែនជាអ្នកគាំទ្រតារាចម្រៀងអាមេរិករូបនេះនោះទេ៕
គួរបញ្ជាក់ថា ការប្រកាសគាំទ្ររបស់ Taylor Swift សម្រាប់លោកស្រី ហារីស ទទួលបានការចុច likes ចំនួន៩លានដង នៅលើការបង្ហោះលើ Instagram របស់តារាចម្រៀងអាមេរិកដ៏ល្បីរូបនេះ ដោយបង្កឱ្យមានការសង្ស័យថាការគាំទ្រនេះអាចនឹងជំរុញឱកាសឈ្នះរបស់លោកស្រី ហារីស ក្នុងការបោះឆ្នោតប្រធានាធិបតី នៅខែវិច្ឆិកា ឆ្នាំ២០២៤នេះ៕