(ហ្សេរូសាឡឹម)៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Yoav Gallant បានព្រមានរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ថា ឱកាសសម្រាប់ដំណោះស្រាយការទូតជាមួយក្រុម Hezbollah នៅព្រំដែនភាគខាងជើងរបស់អ៊ីស្រាអែលកំពុងតែរួមតូចទៅៗ ស្របពេលភាពតានតឹងកំពុងកើនឡើង និងមានការជំរុញឱ្យមានសកម្មភាពយោធា។។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។
ការព្រមាននេះកើតឡើងក្នុងពេលដែលបេសកជនពិសេសអាមេរិក លោក Amos Hochstein កំពុងធ្វើទស្សនកិច្ចនៅអ៊ីស្រាអែល ដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិនៅព្រំដែន ដែលកងទ័ពអ៊ីស្រាអែល និងក្រុម Hezbollah បានបាញ់មីស៊ីលដាក់គ្នាអស់រយៈពេលជាច្រើនខែ។
ទោះបីជាសង្រ្គាមនៅតំបន់ហ្គាហ្សា នៅតែជាចំណុចកណ្តាលក៏ដោយ ស្ថានការណ៍នៅព្រំដែនភាគខាងជើងកាន់តែមានភាពស្មុគស្មាញ។ មេបញ្ជាការយោធាអ៊ីស្រាអែលបានណែនាំឱ្យមានប្រតិបត្តិការយោធាឆាប់រហ័ស ដើម្បីបង្កើតតំបន់ការពារនៅភាគខាងត្បូងប្រទេសលីបង់ ដែលបង្ហាញពីការកើនឡើងនៃភាពតានតឹង និងការត្រៀមខ្លួនសម្រាប់ជម្លោះដែលអាចកើតមាន។
ការព្រួយបារម្ភកំពុងកើនឡើងថា ជម្លោះនៅព្រំដែនភាគខាងជើងអាចអូសទាញបណ្តាប្រទេសដទៃដូចជាអាមេរិក និងអ៊ីរ៉ង់ឱ្យចូលរួម ដែលនេះអាចធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ និងពិបាកគ្រប់គ្រង។ ទោះបីជាក្រុម Hezbollah អះអាងថាមិនចង់បានសង្រ្គាមទ្រង់ទ្រាយធំក៏ដោយ ក៏ស្ថានការណ៍នៅតែផុយស្រួយ និងអាចផ្ទុះឡើងគ្រប់ពេល។
ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការកើនឡើងនៃអំពើហិង្សា អ៊ីស្រាអែលកំពុងពង្រឹងការការពារជនស៊ីវិលនៅភាគខាងជើង និងបានចែកចាយកាំភ្លើងស្វ័យប្រវត្តិរាប់ពាន់ដើមដល់អង្គភាពឆ្លើយតបរហ័សរបស់ជនស៊ីវិលនៅក្នុងតំបន់៕