(តេហេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ផេសេស្គីយ៉ាន (Masoud Pezeshkian) បានប្រកាសថា អ៊ីរ៉ង់អាចចរចាផ្ទាល់ជាមួយសហរដ្ឋអាមេរិកបាន ប្រសិនបើអាមេរិកបង្ហាញឱ្យឃើញជាក់ស្តែងថា ខ្លួនលែងមានអរិភាពចំពោះអ៊ីរ៉ង់ទៀតហើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។
ការលើកឡើងនេះ គឺជាការឆ្លើយតបទៅនឹងសំណួរអំពីលទ្ធភាព នៃការចរចាដោយផ្ទាល់ ដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ឡើងវិញ។
កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ត្រូវបានអតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បដិសេធក្នុងឆ្នាំ ២០១៨ ដោយចោទថាវាផ្តល់អត្ថប្រយោជន៍ច្រើនពេកដល់អ៊ីរ៉ង់។ ការស្តារឡើងវិញនូវទណ្ឌកម្មដ៏តឹងរ៉ឹងលើអ៊ីរ៉ង់ បានជំរុញឱ្យអ៊ីរ៉ង់បំពានលើដែនកំណត់នុយក្លេអ៊ែរដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងនោះ។ ប្រធានាធិបតី ចូ បៃដិន បានព្យាយាមចរចាឡើងវិញ ប៉ុន្តែមិនទាន់ទទួលបានជោគជ័យនៅឡើយ។
លោក ផេសេស្គីយ៉ាន បានបញ្ជាក់ថា អ៊ីរ៉ង់មិនមានអរិភាពចំពោះអាមេរិកទេ ហើយបានអំពាវនាវឱ្យអាមេរិកបង្ហាញសុច្ឆន្ទៈ និងបញ្ឈប់អរិភាពចំពោះអ៊ីរ៉ង់។ លោកថែមទាំងបានប្រៀបធៀបទំនាក់ទំនងរវាងប្រជាជនអ៊ីរ៉ង់ និងអាមេរិក ទៅនឹងទំនាក់ទំនងបងប្អូន៕