(វ៉ាស៊ីនតោន)៖ កាលពីថ្ងៃសុក្រសប្ដាហ៍មុន រុស្ស៉ីបានប្រកាសពីការបណ្ដេញមន្ត្រីការទូតអង់គ្លេស ៦នាក់ចេញពីប្រទេស ជាការឆ្លើយតបទៅនឹងចំណាត់ការដូចគ្នានេះដែររបស់ទីក្រុងឡុងដ៍ ។ មួយថ្ងៃ មុនការសម្រេចចិត្តនេះ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ក៏បានគំរាមដែរថាការសម្រេចចិត្តអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធលោកខាងលិចវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៉ី នឹងបង្កទៅជាសង្រ្គាមដោយផ្ទាល់រវាងរុស្ស៉ី និង NATO។
លោក ពូទីន ធ្វើការគំរាមបែបនេះជាការឆ្លើយតបទៅនឹងការបង្កើនការផ្ដល់ជំនួយយោធារបស់លោកខាងលិចទៅឱ្យអ៊ុយក្រែន។ ចាប់ពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីឆ្នាំ២០២២មក លោក ពូទីន ធ្លាប់បានគំរាមដូចនេះជាច្រើនដងរួចមកហើយ តែលោកមិនដែលធ្វើតាមពាក្យគំរាម ដោយធ្វើសកម្មភាពយោធាប្រឆាំងនឹង NATO នោះទេ។ ក៏ប៉ុន្តែ គេពិតជាពិបាកដឹងណាស់ថាតើ ការគំរាមលើកនេះនឹងក្លាយជាការពិត ឬក៏អត់? បើតាមលោក ពូទីន ប្រសិនបើការសម្រេចចិត្តអនុញ្ញាតឱ្យអ៊ុយក្រែនប្រើអាវុធលោកខាងលិចវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៉ី កើតឡើងមែន នោះសហរដ្ឋអាមេរិក ប្រទេស NATO និងបណ្ដាប្រទេសអឺរ៉ុបនឹងក្លាយជាភាគីនៅក្នុងសង្រ្គាមអ៊ុយក្រែន។ «វាមានន័យថាប្រទេស NATO សហរដ្ឋអាមេរិក និងអឺរ៉ុបនឹងត្រូវធ្វើសង្រ្គាម ដោយផ្ទាល់ជាមួយរុស្ស៉ី...ហើយយើងចាត់វិធានការយ៉ាងស័ក្តិសមដើម្បីឆ្លើយតបទៅការគំរាមកំហែងដែលពួកយើងប្រឈម»។ នេះជាការគំរាមរបស់លោក ពូទីន។
ក្រោយការកត់សម្គាល់របស់លោក ពូទីន អ្នកនាំពាក្យវិមានក្រឹមឡាំង បានបន្ទរការគំរាមនេះ ដោយនិយាយថាសម្ដីដែលចេញពីមាត់លោក ពូទីន ពិតជាមានសារៈសំខាន់ និងបញ្ជាក់ច្បាស់ៗ។ រីឯទូតរុស្ស៉ីប្រចាំ UN លោក Vasily Nebenzya ក៏បានបន្ទរការគំរាមនេះដែរ។ លោកបានបញ្ជាក់ថាប្រសិនបើលោកខាងលិចលុបចោលការរឹតត្បិតលើការប្រើប្រាស់អាវុធវាយប្រហារចូលជ្រៅ ក្នុងទឹកដីរុស្ស៉ី នោះច្បាស់ណាស់ថា NATO កំពុងចាប់ផ្ដើមធ្វើសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៉ី។ លោក Nebenzya បានបន្ថែមថា «NATO នឹងក្លាយជាភាគីផ្ទាល់នៅក្នុងសង្រ្គាមប្រឆាំងនឹង មហាអំណាចនុយក្លេអ៊ែរមួយ ហើយខ្ញុំគិតថាវាមិនចាំបាច់ត្រូវពន្យល់ពីផលវិបាកដែលអាចនឹងកើតឡើងនោះទេ»។
នៅពេលត្រូវបានសាកសួរអំពីការសម្លុតគំរាមរបស់លោក ពូទីន អ្នកនាំពាក្យសេតវិមាន លោក John Kirby បាននិយាយថាលោក ពូទីន ពិតជាមានសមត្ថភាពធ្វើឱ្យសង្រ្គាមរាលដាលកាន់តែធំ ដូច្នេះអាមេរិកយកចិត្តទុកដាក់ចំពោះការសម្លុតគំរាមនេះ។ ប៉ុន្តែ លោកថាការសម្លុតគំរាមបែបនេះ មិនមែនគេមិនធ្លាប់ឮពីមុនមកនោះឡើយ។ ការគំរាមរបស់លោក ពូទីន កើតមានឡើងចំពេល នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Stramer ធ្វើទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបលោក ចូ បៃដិន កាលពីថ្ងៃសុក្រសប្ដាហ៍មុន ជាទីដែលការអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់ មីស៊ីលរយៈចម្ងាយឆ្ងាយផ្ដល់ដោយលោកខាងលិច ស្ថិតនៅក្នុងរបៀបវារៈនៃជំនួបរវាងមេដឹកនាំទាំង២។ នៅមុនចេញដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន លោក Stramer បានប្រាប់ក្រុម អ្នកសារព័ត៌មានថា «រុស្ស៉ីជាអ្នកចាប់ផ្ដើមសង្រ្គាម។ រុស្ស៉ីបានឈ្លានពានអ៊ុយក្រែនដោយខុសច្បាប់...ដូច្នេះអ៊ុយក្រែនមានសិទ្ធិពេញលេញដើម្បីការពារខ្លួនឯង»។
ខណៈការបណ្ដេញមន្ត្រីការទូតអង់គ្លេសចេញពីរុស្ស៉ី ធ្វើឡើងតាំងតែពីខែសីហា ការដែលទីក្រុងមូស្គូទើបតែប្រកាសពីការបណ្ដេញចេញនេះ គឺវាបានគូសបញ្ជាក់ពីភាពតានតឹងយ៉ាងស៊ីជម្រៅ រវាងរុស្ស៉ី និងអង់គ្លេស។ បើគេចាំមិនភ្លេចទេ នៅពេលលោក ពូទីន ប្រកាសពីការសម្រេចចិត្តចូលឈ្លានពានអ៊ុយក្រែន នៅក្នុងសុន្ទរកថាមួយនៅព្រឹកព្រលឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ លោកប្រមុខក្រឹមឡាំងបានគំរាមថាប្រទេសណាក៏ដោយឱ្យតែហ៊ានលូកដៃក្នុងសង្រ្គាមអ៊ុយក្រែន នោះពួកគេនឹងត្រូវប្រឈមមុខនឹងផលវិបាកដែលពួកគេមិនធ្លាប់បានជួប នៅក្នុងប្រវត្តិសាស្ត្រ មនុស្សជាតិ។ ការសម្លុតគំរាមរបស់លោក ពូទីន ត្រូវបានគេមើលឃើញថាលោកចង់សំដៅទៅដល់ឃ្លាំងអាវុធនុយក្លេអ៊ែរធំជាងគេបំផុតនៅលើពិភពលោករបស់រុស្ស៉ី និងជាបង្ហាញថាលោក ពូទីន ត្រៀមលក្ខណៈជាស្រេចដើម្បីធ្វើសង្រ្គាមដោយផ្ទាល់ជាមួយ NATO។ ចាប់តាំងពីពេលនោះមក លោក ពូទីន តែងតែក្រើនរំឮកពិភពលោកពីហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរ តាមរយៈ ការធ្វើសមយុទ្ធសម្ញែងអាវុធនុយក្លេអ៊ែរស៊េរីថ្មី និងបង្ហាញពីឆន្ទៈក្នុងការប្រើប្រាស់អាវុធទាំងនោះ។
ក៏ប៉ុន្តែ ខណៈសង្រ្គាមជាមួយរុស្ស៉ីគឺជាបញ្ហាប្រឈមដ៏ធំចំពោះ NATO រុស្ស៉ីខ្លួនឯងក៏មិនអាចរួចខ្លួនដែរ នៅក្នុងសង្រ្គាមជាមួយ NATO។ ម្យ៉ាងសព្វថ្ងៃ លោក ពូទីន បានពឹងផ្អែករួចទៅហើយលើ អ៉ីរ៉ង់ និងកូរ៉េខាងជើង ដើម្បីទិញអាវុធ ហើយដោយស្ទាក់ស្ទើរក្នុងការកែនកងទ័ពបន្ថែមដោយសារតែខ្លាចបង្កភាពចលាចលក្នុងស្រុក លោកបានបញ្ជូនអ្នកទោសឱ្យទៅប្រយុទ្ធក្នុងសង្រ្គាម អ៊ុយក្រែន។ លើសពីនេះទៅទៀត ការវាយប្រហារ ឬការធ្វើសកម្មភាពយោធាណាមួយ ដែលធ្វើឱ្យដំណើរការមាត្រាការពារគ្នាទៅវិញទៅមករបស់ NATO នោះវាមានន័យថារុស្ស៉ីនឹងត្រូវ ប្រឈមមុខជាមួយប្រទេសទាំង៣២ ជាសមាជិក NATO ដែលជាយោធាដ៏មានឥទ្ធិពលបំផុតមួយរបស់លោកខាងលិច។
ម្លោះហើយ ប្រហែលជាគិតពីបញ្ហានេះ លោក ពូទីន ធ្លាប់បានលើកឡើងពីមធ្យោបាយផ្សេង ក្រៅពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរដោយផ្ទាល់ ដើម្បីសងសឹកលោកខាងលិច ក្នុងនោះរួមមាន ការផ្គត់ផ្គង់អាវុធទៅឱ្យសត្រូវរបស់សហរដ្ឋអាមេរិក ដើម្បីអាចឱ្យពួកគេមានសមត្ថភាពវាយប្រហារលើគោលដៅយោធាសំខាន់ៗនៅក្នុងបណ្ដាប្រទេសលោកខាងលិច។ តួយ៉ាង ប្រព័ន្ធផ្សព្វផ្សាយ អាមេរិកកាលពីពេលថ្មីៗនេះបានរាយការណ៍ថាលោក បៃដិន នៅតែមានការស្ទាក់ស្ទើរក្នុងការបើកដៃឱ្យអ៊ុយក្រែនប្រើ ATACMS ជាពិសេសក្រោយមានការព្រមានពីចារកម្មអាមេរិកថារុស្ស៉ីអាច នឹងសងសឹកវិញតាមរយៈការជួយអ៉ីរ៉ង់វាយប្រហារលើកងទ័ពអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា។
ដោយកត់ចំណាំទុកការគំរាមនេះនៅក្នុងចិត្ត លោកខាងលិចបានដើរមួយជំហានម្ដងៗ ក្នុងការបង្កើនការផ្ដល់ជំនួយយោធាទៅឱ្យអ៊ុយក្រែន ហើយដែលការធ្វើបែបនេះត្រូវបានក្រុមមន្ត្រីអាមេរិក ហៅថា «ជាយុទ្ធសាស្ត្រស្ងោរកង្កែបឱ្យច្អិនបន្តិចម្ដងៗ»។ ពោលគឺលោកខាងលិចបានធ្វើតេស្ដលើប្រតិកម្មរបស់រុស្ស៉ី ដោយដំបូងឡើយ បញ្ជូនប្រព័ន្ធមីស៊ីល HIMARS រថក្រោះ មីស៊ីលរយៈ ចម្ងាយឆ្ងាយ និងចុងក្រោយគេបំផុត មកទល់នឹងពេលនេះ គឺយន្ដហោះចម្បាំង F-16 ដែលសុទ្ធសឹងជាប្រភេទអាវុធត្រូវបានលោក ពូទីន គំរាមថាអាចនឹងឆ្លងបន្ទាត់ក្រហមរបស់លោក។
ការបញ្ជូនអាវុធទាំងនេះមិនបានជំរុញឱ្យរុស្ស៉ីចាត់វិធានការយោធាដោយផ្ទាល់ប្រឆាំងនឹង NATO ទេ។ ផ្ទុយទៅវិញ លោក ពូទីន បែរជាបញ្ជូនសារជារឿយៗ នោះគឺ «យើងអាចទ្រំាបានយូរជាង ពួកអ្នកឯង»។ តាមរយៈសារមួយនេះលោក ពូទីន ចង់ឱ្យក្រុមអ្នកវិភាគ និងអតីតក្រុមមន្ត្រីរុស្ស៉ីដែលស្គាល់រូបលោកដឹងថារូបលោកនឹងទទួលបានជ័យជម្នះ ពីព្រោះរុស្ស៉ីមានចំនួនប្រជាជន និងធនធានសេដ្ឋកិច្ចគ្រប់គ្រាន់ សម្រាប់ធ្វើសង្រ្គាមរយៈពេលវែង ខណៈអ៊ុយក្រែននឹងត្រូវអស់កងទ័ព រីឯលោកខាងលិចនឹងបាត់បង់ឆន្ទៈនៅថ្ងៃណាមួយ។
លោក Ilya Grashchenkov ជាអ្នកវិភាគពីនយោបាយរុស្ស៉ីម្នាក់ មានមូលដ្ឋានក្នុងទីក្រុងមូស្គូ បាននិយាយថាអមជាមួយការសម្លុតគំរាម លោក ពូទីន ក៏បង្កប់ចេតនាចង់ចរចាជាមួយ ទីក្រុងវ៉ាស៊ីនតោនផងដែរ។ លោកបន្ថែមថាភាគីពាក់ព័ន្ធក្នុងសង្រ្គាមអ៊ុយក្រែន សុទ្ធតែចង់ឈានដល់ចំណុចស្មើមុខស្មើមាត់ មុននឹងចូលរួមក្នុងកិច្ចចរចាដ៏ពិតប្រាកដមួយ ឬជាទ្រឹស្ដី នៅពេលខ្លះ ការបង្កើនជម្លោះ អាចនឹងនាំទៅរកការបន្ធូរបន្ថយជម្លោះក៏ថាបាន។
គួរបញ្ជាក់ថា នៅក្នុងជំនួបកាលពីថ្ងៃសុក្រសប្ដាហ៍មុន លោកប្រធានាធិបតីអាមេរិក ចូ បៃដិន និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានពន្យារពេលលើការសម្រេចចិត្តអនុញ្ញាតឱ្យ អ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយផ្ដល់ដោយលោកខាងលិច វាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៉ី។ បើតាមសេតវិមាន មេដឹកនាំទាំង២ មានគម្រោងលើកបញ្ហានេះទៅពិភាក្សាជាថ្មី នាឱកាសចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក នៅក្នុងខែកញ្ញានេះ៕