(ហ្កាហ្សា)៖ មេដឹកនាំរបស់ក្រុមហាម៉ាស លោក Yahya Sinwar បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ប៉ាឡេស្ទីន មានធនធានដើម្បីទ្រទ្រង់ការប្រយុទ្ធរបស់ខ្លួន ប្រឆាំងនឹងអ៉ីស្រាអែល ដោយការជួយពីសំណាក់សម្ព័ន្ធមិត្តគាំទ្រដោយអ៉ីរ៉ង់នានា នៅក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ ២០២៤។
ក្នុងលិខិតមួយផ្ញើរទៅកាន់សម្ព័ន្ធមិត្តរបស់ខ្លួន គឺក្រុមហូទី នៅយេម៉ែន លោក Sinwar បានលើកឡើងដូច្នេះថា «យើងបានត្រៀមខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹងសង្គ្រាមដ៏យូរអង្វែង»។ ក្នុងលិខិតដដែលនោះ លោក Sinwar ក៏បានគំរាមថា ក្រុមដែលមានសម្ព័ន្ធមិត្តជាមួយអ៉ីរ៉ង់នៅតំបន់ហ្គាហ្សា និងកន្លែងផ្សេងទៀតក្នុងតំបន់នឹង «បំបាក់ឆន្ទៈនយោបាយរបស់សត្រូវ» បន្ទាប់ពីសង្រ្គាមជាង ១១ខែ។ លោក Sinwar បញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងជាមួយក្រុមនៅក្នុងប្រទេសលីបង់ ក៏ដូចជានៅអ៉ីរ៉ាក់ នឹងធ្វើឱ្យសត្រូវបរាជ័យ»។
គួរបញ្ជាក់ថា ការប្រយុទ្ធគ្នាយ៉ាងសាហាវ បានកើតឡើងនៅតំបន់ហ្កាហ្សា ដោយក្រុមគ្រូពេទ្យ និងអ្នកជួយសង្គ្រោះ បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ការវាយប្រហាររបស់អ៉ីស្រាអែល បានសម្លាប់មនុស្សជាច្រើននាក់ទៀត។ ដោយឡែក សហរដ្ឋអាមេរិក ថាកំពុងធ្វើការឱ្យបានលឿនទៅលើសំណើថ្មីមួយ ដើម្បីបិទបញ្ចប់គម្លាតដែលនៅសល់រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ជុំវិញកិច្ចព្រមព្រៀងបទឈប់បាញ់សម្រាប់តំបន់ហ្កាហ្សា៕