(បាងកក)៖ អង្គការ UNICEF បានរាយការណ៍នាថ្ងៃពុធនេះថា គ្រោះទឹកជំនន់និងរអិលបាក់ដីដ៏អាក្រក់ ដែលបង្កឡើងដោយព្យុះ Yagi បានជះផលប៉ះពាល់លើ កុមារសរុបជិត ៦លាននាក់ នៅទូទាំងតំបន់អាស៉ីអាគ្នេយ៍ ខណៈតួលេខអ្នកស្លាប់ នៅបន្តកើនឡើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤។
ព្យុះទីហ្វុង Yagi បាននាំមកនូវខ្យល់បក់យ៉ាងខ្លាំងក្លា រួមជាមួយភ្លៀងធ្លាក់យ៉ាងជោគជាំបំផុត នៅប្រទេសវៀតណាម ថៃ ឡាវ និងមីយ៉ាន់ម៉ា នៅពេលដែលវាបានបោកបក់កាត់តំបន់នេះ កាលពីជិត២សប្តាហ៍មុន។ នៅថ្ងៃពុធនេះ ថៃបានរាយការណ៍អំពី ចំនួនអ្នកស្លាប់៣នាក់ទៀត ជាហេតុនាំឱ្យតួលេខអ្នកស្លាប់សរុបនៅទីនោះ កើនដល់១៨នាក់ ខណៈអ្នកបាត់បង់ជីវិតទាំងអស់ នៅទូទាំងតំបន់ កើនដល់ចំនួន៥៣៧នាក់។
ទីភ្នាក់ងារទទួលបន្ទុកផ្នែកកុមាររបស់អង្គការសហប្រជាជាតិ (UN) គឺអង្គការ UNICEF បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា កុមារសរុបជិត៦លាននាក់ បានរងផលប៉ះពាល់ដោយសារព្យុះ Yagi។ បើតាម UNICEF ការទទួលបានទឹកស្អាត ការអប់រំ ការថែទាំសុខភាព ស្បៀងអាហារ និងកន្លែងជ្រកកោន សុទ្ធតែត្រូវបានប៉ះពាល់។
គួរបញ្ជាក់ថា នៅវៀតណាម មនុស្សប្រមាណ៣លាននាក់ កំពុងប្រឈមហានិភ័យនៃជំងឺ ដោយសារតែខ្វះទឹកស្អាតសម្រាប់បរិភោគ និងអនាម័យ។ រីឯមនុស្សជិត៤០០,០០០នាក់ ត្រូវបានបង្ខំឱ្យជម្លៀសខ្លួនចេញពីផ្ទះសម្បែង ដោយសារទឹកជំនន់នៅមីយ៉ាន់ម៉ា។ វាជាការបន្ថែមទុក្ខវេទនាលើប្រជាជនមីយ៉ានម៉ា ក្រោយប្រទេសពួកគេ បានធ្លាក់ទៅក្នុងភាពវឹកវរ ចាប់តាំងពីរដ្ឋប្រហារយោធា ឆ្នាំ២០២១៕