(ការ៉ាកាស)៖ រដ្ឋមន្រ្តីមហាផ្ទៃនៃប្រទេសវ៉េណេស៊ុយអេឡា លោក Diosdado Cabello បានឱ្យដឹងថា ទីក្រុងការ៉ាកាស បានចាប់ខ្លួនជនជាតិអាមេរិកចំនួន ៤នាក់ តាំងពីដើមខែកញ្ញាមក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ ២០២៤។
លោក Cabello បានប្រាប់សម័យប្រជុំសភា ដែលផ្សាយតាមទូរទស្សន៍រដ្ឋ ដូច្នេះថា «ជនជាតិអាមេរិកទាំងនោះ ត្រូវបានចាប់ខ្លួន ក្រោយលួតថតរូបអង្គភាពយោធា ស្ថានីយ៍ថាមពល និងអង្គភាពរដ្ឋផ្សេងទៀត។ ក្នុងចំណោមនោះ មានពលរដ្ឋម្នាក់ដើមកំណើត នៅអាមេរិកខាងជើង ក៏ដូចជាជនជាតិអាមេរិកម្នាក់ ដែលយើងតាមដានយូរមកហើយ និងត្រូវបានចាប់ខ្លួនក្នុងទីក្រុងការ៉ាកាស ដោយសារតែលួចថតរូបស្ថានីយ៍ដំឡើងអគ្គិសនី ស្ថានីយ៍ប្រេង អង្គភាពយោធា»។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន អេស្ប៉ាញ ក៏បានស្នើដល់វ៉េណេស៊ុយអេឡា ឱ្យផ្តល់ព័ត៌មានអំពីការចាប់ខ្លួនជនជាតិអេស្ប៉ាញ ២នាក់ អាមេរិក ៣នាក់ និងឆែកម្នាក់ បន្ទាប់ពីមានរបាយការណ៍ថា ពួកគេត្រូវបានឃុំខ្លួន ជុំវិញការចោទប្រកាន់រៀបចំផែនការ ធ្វើឱ្យមានអស្ថិរភាពក្នុងប្រទេស៕