(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានអំពាវនាវដល់ភាគីជម្លោះស៊ូដង់ ឱ្យត្រលប់មករៀបចំកិច្ចពិភាក្សាគ្នា ដើម្បីបញ្ចប់សង្រ្គាមដែលបន្តអស់រយៈពេល ១៧ខែមកហើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ ២០២៤។
លោក បៃដិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងសូមអំពាវនាវដល់គ្រប់ភាគី ឱ្យបញ្ចប់អំពើហិង្សា និងការដុតបញ្ឆេះជម្លោះ ដើម្បីអនាគតរបស់ប្រទេស និងប្រជាជនស៊ូដង់។ ខ្ញុំអំពាវនាវឱ្យក្រុមអ្នកប្រព្រឹត្តឱ្យមានទុក្ខវេទនានៅស៊ូដង់ ដូចជាកងទ័ពជាតិ និងកងកម្លាំងទាហានប៉ារ៉ា (RSF) ដកថយកម្លាំងរៀងៗខ្លួន សម្របសម្រួលដល់លំហូរជំនួយមនុស្សធម៌គ្មានការរារាំង ហើយចូលរួមការចរចាឡើងវិញ ដើម្បីបញ្ចប់សង្គ្រាម»។ លោក បៃដិន បានឱ្យដឹងថា ការវាយប្រហាររបស់ទាហាន RSF បានប៉ះពាល់ដល់ជនស៉ីវិលស៊ូដង់ ដោយមិនសមហេតុផល ហើយអំពាវនាវដល់ខាងកងទ័ពជាតិ ឱ្យបញ្ឈប់ការទម្លាក់គ្រាប់បែកមិនរើសមុខ ដែលកំពុងបំផ្លាញជីវិតជនស៉ីវិល រួមទាំងហេដ្ឋារចនាសម្ព័ន្ធ។
គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមស៊ូដង់ផ្ទុះឡើង កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២៣ មនុស្សច្រើនជាង ១២,០០០នាក់ ត្រូវបានសម្លាប់ នៅទូទាំងប្រទេស។ តាមលោក បៃដិន សហរដ្ឋអាមេរិក នឹងវាយតម្លៃលើការចោទប្រកាន់អំពើឃោរឃៅ និងដាក់ទណ្ឌកម្មបន្ថែមទៀត៕