(ប៉េកាំង)៖ ប្រទេសចិនបានប្រកាសដាក់ទណ្ឌកម្ម លើក្រុមហ៊ុនការពារជាតិអាមេរិកចំនួន៩ ជាការឆ្លើយតបទៅនឹងការលក់ឧបករណ៍យោធាដែលទីក្រុងវ៉ាស៊ីនតោនបានអនុម័តឱ្យកោះតៃវ៉ាន់ កាលពីដើមសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។
ក្រសួងការបរទេសចិនបានថ្កោលទោសការលក់អាវុធនេះ ដោយចាត់ទុកថាជាការបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ «ចិនតែមួយ» និងជាការគំរាមកំហែងដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានបញ្ជាក់ថា ចិនបានធ្វើការតវ៉ាជាផ្លូវការជាមួយសហរដ្ឋអាមេរិក និងកំពុងចាត់វិធានការសងសឹកជាក់ស្តែង។
ទណ្ឌកម្មដែលបានប្រកាសនៅថ្ងៃពុធនេះ រួមមានការបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនទាំង៩ នៅក្នុងប្រទេសចិន និងការហាមឃាត់ពួកគេមិនឱ្យធ្វើប្រតិបត្តិការជាមួយនីតិបុគ្គល ឬបុគ្គលចិនណាមួយឡើយ។ ក្រុមហ៊ុនដែលរងផលប៉ះពាល់រួមមានក្រុមហ៊ុនអាកាសចរណ៍ Sierra Nevada Corporation និងក្រុមហ៊ុនផ្សេងទៀតដែលពាក់ព័ន្ធនឹងការផលិត និងលក់ឧបករណ៍យោធា។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិកកាន់តែយ៉ាប់យ៉ឺនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារបញ្ហាជាច្រើន រួមទាំងបញ្ហាតៃវ៉ាន់ សមុទ្រចិនខាងត្បូង ពាណិជ្ជកម្ម និងបច្ចេកវិទ្យា។ ការលក់អាវុធនេះទៅឱ្យតៃវ៉ាន់ ដែលចិនចាត់ទុកថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន បានធ្វើឱ្យទីក្រុងប៉េកាំងកាន់តែខឹងសម្បារ និងបង្កើនភាពតានតឹងរវាងមហាអំណាចទាំងពីរថែមទៀត៕