(ប៉េរូត)៖ ក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បានប្រកាសថា ខ្លួនបានវាយប្រហារទៅលើទីតាំងកាំភ្លើងធំរបស់អ៊ីស្រាអែល ជាការឆ្លើយតបទៅនឹងការផ្ទុះឧបករណ៍ទំនាក់ទំនងនៅលីបង់ ដែលបណ្តាលឱ្យសមាជិករបស់ខ្លួនរាប់ពាន់នាក់រងរបួស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។
ហេតុការណ៍នេះបានបង្កើនការព្រួយបារម្ភអំពីលទ្ធភាពនៃសង្គ្រាមមជ្ឈិមបូព៌ាកាន់តែទូលំទូលាយ។
ប្រភពសន្តិសុខលីបង់ជាន់ខ្ពស់ និងប្រភពមួយទៀតបានបង្ហើបឱ្យដឹងថា ទីភ្នាក់ងារចារកម្មអ៊ីស្រាអែល Mossad បានដាក់គ្រឿងផ្ទុះនៅក្នុងឧបករណ៍ pager សម្រាប់ទំនាក់ទំនងដែលនាំចូលដោយក្រុមហេសបូឡាជាច្រើនខែ មុនពេលការផ្ទុះកាលពីថ្ងៃអង្គារ។ ការវាយប្រហារនេះបានសម្លាប់មនុស្ស ១២នាក់ និងបណ្តាលឱ្យមនុស្សជិត ៣,០០០ នាក់រងរបួស។
ក្រុមហ៊ុនផលិតឧបករណ៍នេះមួយរបស់តៃវ៉ាន់បានបដិសេធថា ខ្លួនមិនបានផលិតឧបករណ៍ pager ដែលបានផ្ទុះនោះទេ ដោយបញ្ជាក់ថា ឧបករណ៍ទាំងនោះត្រូវបានផលិតឡើងក្រោមអាជ្ញាប័ណ្ណដោយក្រុមហ៊ុនមួយនៅទីក្រុង Budapest ប្រទេសហុងគ្រី។
ក្រុមហេសបូឡាបានប្តេជ្ញាសងសឹកអ៊ីស្រាអែល ខណៈដែលភាគីទាំងពីរបានផ្លាស់ប្តូរការវាយប្រហារគ្នាឆ្លងព្រំដែន ចាប់តាំងពីជម្លោះនៅតំបន់ហ្គាហ្សាបានផ្ទុះឡើងកាលពីខែតុលាឆ្នាំមុន។ ហេតុការណ៍នេះបានបង្កើនការភ័យខ្លាចនៃជម្លោះមជ្ឈិមបូព៌ាកាន់តែទូលំទូលាយ ដែលអាចអូសទាញសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ធ្វើសង្គ្រាមដោយផ្ទាល់៕