(បេរូត)៖ ក្រុមហេសបូឡា នៅថ្ងៃពុធ ទី២៥ ខែកញ្ញានេះបានប្រកាសទទួលស្គាល់ថាមេបញ្ជាការរបស់ខ្លួនម្នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល លើជាយភាគខាងត្បូងទីក្រុងបេរូត ដែលអាជ្ញាធរលីបង់និយាយថាបានសម្លាប់មនុស្ស ៦នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ហេសបូឡា បានប្រកាសពីមរណភាពរបស់លោកមេបញ្ជាការ Ibrahim Mohammed Kobeissi ដែលបានពលីជីវិតនៅតាមផ្លូវឆ្ពោះទៅកាន់ទីក្រុង ហ្ស៊េរុយសាឡិម។ ប្រយោគ «ពលីជីវិតនៅតាមផ្លូវឆ្ពោះទៅកាន់ទីក្រុងហ្ស៊េរុយសាឡិម គឺជាប្រយោគមួយដែលហេសបូឡា ចង់សំដៅលើអ្នកប្រយុទ្ធរបស់ខ្លួនណាម្នាក់ដែលត្រូវបាន សម្លាប់ដោយការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល។
កាលពីថ្ងៃអង្គារ កងទ័ពអ៉ីស្រាអែលបានអះអាងថាខ្លួនបានកម្ទេចលោក Ibrahim Mohammed Kobeissi ដែលជាមេបញ្ជាការម្នាក់ទទួលខុសត្រូវលើបណ្ដាញគ្រាប់រ៉ុក្កែត និងមីស៊ីល របស់ហេសបូឡា។ ព្រមពេលជាមួយគ្នា ក្រសួងសុខាភិបាលលីបង់ ក៏បានបញ្ជាក់ដែរថាអ៉ីស្រាអែលបានវាយប្រហារលើតំបន់ Ghobeiri ស្ថិតនៅជាយរដ្ឋធានីបេរូត សម្លាប់មនុស្ស ៦នាក់ និង១៥នាក់រងរបួស។
គួរបញ្ជាក់ថា បើតាមយោធាអ៉ីស្រាអែល លោក Kobeissi ទទួលខុសត្រូវលើកងកម្លាំងរ៉ុក្កែតជាច្រើនអង្គភាពរបស់ហេសបូឡា ក្នុងនោះរួមទាំងកងកម្លាំងបាញ់មីស៊ីលមានប្រព័ន្ធ កំណត់គោលដៅជាក់លាក់៕