(យូអិន)៖ រដ្ឋមន្ត្រីការបរទេសលីបង់ លោក Abdallah Bou Habib កាលពីថ្ងៃអង្គារ ទី២៤ ខែកញ្ញា (ម៉ោងនៅទីក្រុងញូវយ៉ក) បានរិះគន់សុន្ទរកថារបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ថាគ្មានភាពរឹងមាំនោះទេ។ ប៉ុន្តែ ទទួលស្គាល់ថាមានតែសហរដ្ឋអាមេរិកតែមួយគត់ដែលអាចទប់ស្កាត់កុំឱ្យសង្រ្គាមទាំងស្រុងរវាងអ៉ីស្រាអែល និងហេសបូឡា ផ្ទុះឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អំឡុងថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាត UN កាលពីថ្ងៃអង្គារ លោក ចូ បៃដិន បាននិយាយថាសង្រ្គាមទាំងស្រុងមិនស្ថិតនៅក្នុងផលប្រយោជន៍របស់នរណាម្នាក់នោះទេ ហើយ បើទោះជាស្ថានការណ៍ជម្លោះកាន់តែក្ដៅគគុកក៏ដោយ ក៏លោកជឿថាដំណោះស្រាយការទូតមួយនៅតែអាចធ្វើទៅរួច។
ជុំវិញការអត្ថាធិប្បាយរបស់លោក បៃដិន នេះដែរ លោក Abdallah Bou Habib បាននិយាយថាគ្មានភាពរឹងមាំ ហើយក៏មិនបានផ្ដល់អ្វីជាទីសង្ឃឹមនោះដែរ។ ប៉ុន្តែលោកទទួលស្គាល់ថា សហរដ្ឋអាមេរិកជាប្រទេសតែមួយគត់ដែលអាចដោះស្រាយបញ្ហាក្នុងតំបន់មជ្ឈិមបូព៌ា ក្នុងនោះរួមមានបញ្ហាពាក់ព័ន្ធនឹងលីបង់។ ថ្លែងទៅកាន់វេទិកាមួយក្នុងទីក្រុងញូវយ៉ក រៀបចំដោយ វិទ្យាស្ថាន Carnegie Endowment for International Peace ប្រមុខការទូតលីបង់រូបនេះបានសង្កត់ធ្ងន់ថា «ទីក្រុងវ៉ាស៊ីនតោនគឺជាសម្ព័ន្ធមិត្តយូរអង្វែង និងជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំ របស់អ៉ីស្រាអែល។ មិនតែប៉ុណ្ណោះ សហរដ្ឋអាមេរិកក៏ជាកូនសោរគន្លឹះ... ដើម្បីសង្រ្គោះពួកយើងផងដែរ»។
គួរបញ្ជាក់ថា ការវាយប្រហាររបស់អ៉ីស្រាអែលលើមូលដ្ឋានរាប់ពាន់កន្លែងរបស់ហេសបូឡា ក្នុងប្រទេសលីបង់ ចាប់តាំងពីថ្ងៃចន្ទដើមសប្ដាហ៍នេះមក បានសម្លាប់មនុស្សជាង ៥៦៩នាក់ ហើយ ក្នុងនោះមានកុមារ ៥០នាក់ និងរងរបួស ១៨៣៥នាក់។ នេះបើតាមក្រសួងសុខាភិបាលលីបង់។ លើសពីនេះទៅទៀត ការវាយប្រហារតាមផ្លូវអាកាសជាថ្មីរបស់អ៉ីស្រាអែលលើ រដ្ឋធានីបេរូត កាលពីថ្ងៃអង្គារ បានសម្លាប់មេបញ្ជាការជាន់ខ្ពស់ហេសបូឡាម្នាក់ ហើយនៅថ្ងៃពុធ ទី២៥ ខែកញ្ញានេះ ហេសបូឡាបានទទួលស្គាល់មេបញ្ជាការរបស់ខ្លួន គឺលោក Ibrahim Mohammed Kobeissi ពិតជាត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល៕