(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ថា រដ្ឋមន្រ្តីការបរទេសនៃប្រទេសចិន និងប្រទេសរុស្ស៉ី បានជួបពិភាក្សាគ្នា អំពីបញ្ហាសង្រ្គាមអ៊ុយក្រែន នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ (UN) ក្នុងទីក្រុង New York នៃសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៤។
ប្រព័ន្ធផ្សព្វផ្សាយ CCTV បាននិយាយថា រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បានជួបសមភាគីរុស្ស៉ី លោក Sergei Lavrov អំឡុងមហាសន្និបាត UN នៅ New York ហើយបានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក លើបញ្ហាផ្សេងៗ ក្នុងនោះរួមមានទាំងវិបត្តិអ៊ុយក្រែន។ ចិននិងរុស្ស៉ី បានកសាងនូវអ្វីដែលភាគីទាំងពីរ ហៅថា «ភាពជាដៃគូគ្មានដែនកំណត់» ហើយទាំងពីរ សុទ្ធតែប្រឆាំងនូវអ្វីដែលពួកគេមើលឃើញថា ជាការក្តោបក្តាប់កិច្ចការទាំងអស់របស់ពិភពលោក ដោយក្រុមលោកខាងលិច ក្រោមការដឹកមុខរបស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ទីក្រុងប៉េកាំង និងទីក្រុងមូស្គូ ប្រារព្ធខួបទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងគ្នា នៅឆ្នាំ២០២៤នេះ។ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង ក៏នឹងត្រូវទៅចូលរួម កិច្ចប្រជុំកំពូលនៃក្រុមប្រទេស BRICS ដែលរៀបចំឡើងនៅប្រទេសរុស្ស៉ី នាខែតុលា ផងដែរ៕