(តៃប៉ិ)៖ នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងការពារជាតិតៃវ៉ាន់ បានរាយការណ៍ថា យន្តហោះចម្បាំង និងយន្តហោះដ្រូនចិន ២៩គ្រឿងទៀត ត្រូវបានប្រទះឃើញ នៅក្បែរដែនកោះនេះ បន្ទាប់ពីទើបរាយការណ៍ អំពីការធ្វើសកម្មភាពកើនឡើង ដោយកងកម្លាំងយោធាចិន ក្នុងចន្លោះពេល២៤ម៉ោង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៤។
នៅរសៀលថ្ងៃព្រហស្បតិ៍នេះ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា យន្តហោះចម្បាំង និងដ្រូនចិនចំនួន២៩គ្រឿង បន្ថែមទៀត ត្រូវបានប្រទះឃើញ គិតចាប់តាំងពីម៉ោង ៨ព្រឹកមក។ រីឯកាលពីព្រឹកថ្ងៃដដែលនេះ ក្រសួងការពារជាតិតៃវ៉ាន់ បានរាយការណ៍ថា យន្តហោះយោធាចិនសរុប៤៣គ្រឿង និងនាវាយោធាចិន៨គ្រឿង ត្រូវបានប្រទះឃើញ ក្នុងចន្លោះពេល២៤ម៉ោង ដែលគិតត្រឹមម៉ោង៦ព្រឹកថ្ងៃព្រហស្បតិ៍នេះ។
គួរបញ្ជាក់ថា ចិន ដែលចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន តែងតែបញ្ជូនយន្ដហោះចម្បាំង ដ្រូន និងនាវាចម្បាំង ឱ្យធ្វើប្រតិបត្តិការ ជុំវិញកោះតៃវ៉ាន់ស្ទើរតែជាប្រចាំ។ នៅក្នុងឆ្នាំនេះ ចំនួនយន្តហោះយោធាចិនច្រើនបំផុត ដែលត្រូវបានចល័តមកក្បែរកោះតៃវ៉ាន់ ក្នុងចន្លោះពេល២៤ម៉ោង គឺត្រូវបានកំណត់ត្រា កាលពីថ្ងៃទី១១ ខែកក្កដា ដែលមានចំនួនសរុប៦៦គ្រឿង៕