(វ៉ាស៉ីនតោន)៖ ទឹកភ្លៀងបានធ្វើឱ្យជន់លិចផ្លូវថ្នល់ និងផ្អាកដំណើរការអាកាសយានដ្ឋានបណ្តោះអាសន្ន នៅក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក ខណៈព្យុះហឺរីខេន Helene ដ៏មានឥទ្ធិពលកំពុងឆ្ពោះទៅកាន់តំបន់ប្រជុំជនធំៗ ហើយមានហានិភ័យជាព្យុះដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិត សម្រាប់តំបន់ឆ្នេរសមុទ្រ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ ២០២៤។
មន្រ្តីក្នុងរដ្ឋ Florida និយាយថា Helene បានវិវត្តន៍ទៅជាព្យុះប្រភេទទី ៤ កាលពីថ្ងៃព្រហស្បតិ៍ ជាមួយនិងល្បឿនខ្យល់ជិត ២៩០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយត្រូវបានគេព្យាករថានឹងបន្តបង្កើនឥទ្ធិពលថែមទៀត។ ភ្លៀងធ្លាក់ខ្លាំងកើតមាននៅផ្នែកខ្លះនៃឆ្នេរសមុទ្រ Florida នៅរដ្ឋ Georgia, South Carolina ភាគកណ្តាល ភាគខាងលិចនៃរដ្ឋ North Carolina និងផ្នែកខ្លះនៃរដ្ឋ Tennessee។
តាមវីដេអូចែកចាយលើបណ្តាញផ្សព្វផ្សាយសង្គម ផ្លូវនៅជាប់មាត់សមុទ្រពោរពេញដោយទឹកជន់លិច រហូតដល់ចំណតទូក។ អាកាសយានដ្ឋានក្នុងទីក្រុង Tampa, Tallahassee និង St. Petersburg នៃរដ្ឋ Florida បានផ្អាកប្រតិបត្តិការរបស់ខ្លួនជាបណ្តោះអាសន្ន កាលពីថ្ងៃព្រហស្បតិ៍។ ទីក្រុង Atlanta ដែលនៅចម្ងាយច្រើនគីឡូម៉ែត្រពីភាគខាងជើងតំបន់ Big Bend របស់រដ្ឋ Florida ក៏ស្ថិតក្រោមការព្រមានអំពីព្យុះត្រូពិចផងដែរ ដោយវាអាចទៅដល់នៅវេលាយប់ថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់)។
ប្រធានមជ្ឈមណ្ឌលតាមដានព្យុះហឺរីខេនប្រចាំរដ្ឋ Florida លោក Michael Brennan បានបញ្ជាក់ថា ការវិវត្តន៍នៃព្យុះ Helene អាចធ្វើឱ្យកម្លាំងខ្យល់កើនឡើងថែមទៀត។ ក្រុមមន្ត្រី បានស្នើសុំយ៉ាងទទូចដល់អ្នករស់ នៅតាមតំបន់ដែលអាចរងនូវឥទ្ធិពលនៃព្យុះនេះ គោរពតាមបទបញ្ជាឱ្យជម្លៀសខ្លួនជាដាច់ខាត បើពុំដូចច្នេះទេនឹងត្រូវប្រឈមចំពោះលក្ខខណ្ឌគំរាមកំហែងដល់អាយុជីវិត៕