(អ៉ីស្លាម៉ាបាដ)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ យោធានៃប្រទេសប៉ាគីស្ថាន បាននិយាយថា ប៉ាគីស្ថានបានចុះកិច្ចសន្យាមួយ ដើម្បីលក់យន្តហោះចម្បាំង JF-17 Block III ឱ្យប្រទេសអាស៊ែបៃហ្សង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ២០២៤។
យោធាប៉ាគីស្ថាន មិនបានបញ្ជាក់អំពីទំហំទឹកប្រាក់នៃកិច្ចសន្យាខាងលើ ឬក៏ចំនួនយន្តហោះចម្បាំង ដែលត្រូវបានលក់នោះឡើយ ដោយគ្រាន់តែលើកឡើងថា ការលក់យន្តហោះចម្បាំងនេះ គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ទីក្រុងអ៉ីស្លាម៉ាបាដ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ ជាមួយបណ្តាប្រទេសជាមិត្ត និងដើម្បីជួយបង្កើនសមត្ថភាពកងទ័ពអាកាសរបស់អាស៊ែបៃហ្សង់។ យន្តហោះចម្បាំង JF-17 ជាយន្តហោះចម្បាំងផលិតរួមគ្នា ដោយក្រុមហ៊ុនប៉ាគីស្ថាន Pakistan Aeronautical Complex និងក្រុមហ៊ុនចិន Chengdu Aircraft Industry Group។
គួរបញ្ជាក់ថា ប៉ាគីស្ថានគឺជាសម្ព័ន្ធមិត្តជិតស្និទ្ធមួយរបស់ប្រទេសតួកគី ដែលបានគាំទ្រអាស៊ែបៃហ្សង់ នៅក្នុងការប្រឈមមុខគ្នា ជាមួយអាមេនី នៅពេលដែល ការប៉ះទង្គិចគ្នាបានផ្ទុះឡើង រវាងប្រទេសទាំងពីរនោះ កាលពីឆ្នាំមុន។ ប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប៉ាគីស្ថាន កាលពីខែកក្កដា ហើយទីក្រុងអ៉ីស្លាម៉ាបាដ និងទីក្រុងបាគូ បានព្រមព្រៀងគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមានទាំងវិស័យការពារជាតិ៕