(ញូវយ៉ក)៖ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ មេដឹកនាំប៉ាឡេស្ទីន លោក Mahmoud Abbas បានស្នើឱ្យបិទបញ្ចប់សង្រ្គាមហ្កាហ្សា រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ដោយនិយាយថាអ៉ីស្រាអែល បានបំផ្លិចបំផ្លាញតំបន់នេះ ស្ទើរតែទាំងស្រុង ហើយប្រជាជនមិនអាចរស់នៅទៀតបានទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ ២០២៤។
លោក Abbas បានប្រាប់សមាជិកទាំង ១៩៣នៃអង្គមហាសន្និបាត ដូច្នេះថា «អំពើដ៏គួរឱ្យស្អប់ខ្ពើមនេះ មិនអាចបន្តទៀតបានទេ។ ពិភពលោកទាំងមូល គឺជាអ្នកទទួលខុសត្រូវសម្រាប់អ្វីដែលកំពុងកើតឡើង ចំពោះប្រជាជនរបស់យើង»។ មេដឹកនាំប៉ាឡេស្ទីនរូបនេះ ក៏បានអំពាវនាវឱ្យមានបទឈប់បាញ់អចិន្ត្រៃយ៍ ក្នុងតំបន់ហ្កាហ្សាផងដែរ ហើយបិទបញ្ចប់ការវាយប្រហាររបស់អ៉ីស្រាអែល ទៅលើតំបន់ West Bank និង East Jerusalem អនុញ្ញាតឱ្យជំនួយមនុស្សធម៌ចូលដល់តំបន់ ព្រមទាំងដកកងទ័ពអីស្រាអែលទាំងស្រុងចេញពីទីនោះ។
គួរបញ្ជាក់ថា តាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន ចាប់តាំងពីសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស ផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន ប្រជាជនជិត ២.៣លាននាក់បានចាកចេញពីផ្ទះសម្បែងរបស់ពួកគេ និងបង្កឱ្យមានភាពស្រេកឃ្លាន ជំងឺកាចសាហាវ ដ៏ដូចជាសម្លាប់ជីវិតមនុស្សជាង ៤១,០០០នាក់៕