(ប៉េកាំង)៖ កាលពីថ្ងៃទី២៤ខែកញ្ញាតាមម៉ោងក្នុងតំបន់ សកម្មភាពពិសេស ដើម្បីអបអរសាទរខួបទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនឈ្មោះ “សំបុត្រផ្ញើតាមពពក៖រឿងរ៉ាវអំពីខ្ញុំនិងប្រទេសចិន”ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានប្រារព្ធធ្វើដោយជោគជ័យ នៅក្រុងមូស្គូប្រទេសរុស្ស៊ី ។ លោក Shen Haixiong អនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។ ភ្ញៀវកិត្តិយសមានដូចជាលោក Zhang Wei អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំនៅរុស្ស៊ីជាដើម បានអញ្ជើញចូលរួមសកម្មភាពនេះ។

លោក Shen Haixiong បានថ្លែងថា សកម្មភាពនេះពោរពេញដោយមនោសញ្ចេតនាខាងវប្បធម៌មនុស្សជាតិ ស្មារតីនិងភាពល្អផូរផង់នៃវប្បធម៌របស់ចិន។ ក្នុងឱកាសខួបទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានចាប់ដំណើរការសកម្មភាពនេះ ដើម្បីទទួលយកសំបុត្រពីទូទាំងពិភពលោក ក្នុងនោះ មានមិត្តភក្តិដែលមកពីប្រទេសជាង៦០ បានផ្ញើសំបុត្រសរុបជាង១៦០០ច្បាប់ ដើម្បីរៀបរាប់ពីរឿងរ៉ាវរបស់ពួកគេ ជាមួយប្រទេសចិនតាមរយៈភាសាខុសៗគ្នា តែបានបញ្ជូននូវមនោសញ្ចេតនាដូចគ្នា ដែលតំណាងឱ្យ ការរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅ នៃមនោសញ្ចេតនានិងវប្បធម៌រវាងប្រទេសនានាលើពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន