(ប៉េកាំង)៖ ៧៥ឆ្នាំ គិតដល់ត្រឹមថ្ងៃទី ១ ខែតុលា ឆ្នាំ២០២៤ ដែលប្រជាជនចិនទទួលបានភាពពេញលេញជាម្ចាស់ប្រទេស ម្ចាស់អំណាចក្រោមទម្រង់ប្រជាធិបតេយ្យតាមបែបផែនចិន ឬប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើការទាំងមូល តាមរយៈការបើកទំព័រប្រវតិ្តសាស្រ្តចិនថ្មីដែលមានឈ្មោះថា សាធារណរដ្ឋប្រជាមានិតចិនក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សកុម្មុយនិស្តចិនដែលមានលោក Mao Zedong ជាស្ថាបនិក ជាអគ្គមគ្គុទេសក៍ និងជាវីរជនដ៏មហិមារបស់ប្រជាជនចិន។ សាធារណរដ្ឋប្រជាមានិតចិន ដែលធានានូវសច្ចធម៌នៃប្រព័ន្ធច្បាប់ មិនត្រឹមតែជាក្តីសង្ឃឹមសម្រាប់ប្រជាជាតិចិនប៉ុណ្ណោះទេ ថែមទាំងជាក្តីសុបិនរួមរបស់ពិភពលោកដែលប្រទេសចិន តែងបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការផ្តល់ ជាកាលានុវត្តភាពនៃការរីកចម្រើនជូនដល់ពិភពលោក។
ដូចដែលតែងបានលើកឡើងថា «ឱកាសមិនរង់ចាំយើងមកទទួល ក្នុងពេលដែលបញ្ហាក៏មិនរង់ចាំយើងគេចចេញដែរ» ក្នុងន័យនេះប្រាជ្ញារបស់ចិនមានភាពវាងវៃលើ ដំណោះស្រាយបញ្ហាសកលនានា ដោយបានប្រែក្លាយជាកាលានុវត្តភាព ដូចមាននៅក្នុងកិច្ចសហប្រតិបត្តិការតាមរយៈគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ដែលបានផ្តួចផ្តើមដោយលោក Xi Jinping ប្រធានរដ្ឋចិន ជាសក្ខីភាពស្រាប់។ បន្ថែមពីលើនេះ វឌ្ឍនភាពរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងរយៈពេល៧៥ឆ្នាំ មិនអាចកាត់ផ្តាច់ចេញ ពីប្រវត្តិរបស់គណបក្សកុម្មុយនិស្តចិន ដោយរាប់ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩២១ បានក្លាយជាគំរូភាព ជាបទពិសោធន៍ដល់បក្សនយោបាយរបស់ពិភពលោក ក្នុងការសិក្សារៀនសូត្រដោយផ្ទាល់ និងដោយប្រយោល ដើម្បីសម្រេចបាន សមិទ្ធផលមហិមាដូចដែលមនុស្សជាតិ បាននិងកំពុងយល់ជ្រាបនាពេលនេះ។
៧៥ឆ្នាំនៃថ្ងៃកំណើតសាធារណរដ្ឋប្រជាមានិតចិន ដែលមិនត្រឹមបាននាំប្រជាជនចិនចាកផុតពីភាពក្រីក្រ ដោយសម្រេចបានគោលដៅ១០០ឆ្នាំទី១ ដែលបានដាក់ចេញដោយ បក្សកុម្មុយនិស្តចិនប៉ុណ្ណោះទេ ថែមទាំងបានជម្នះឧបសគ្គនានាសន្តិសុខស្បៀងអាហារ ជូនដល់បណ្តាប្រទេសនានាជាច្រើន នៅក្នុងពិភពលោកទាំងមូលទៀតផង ដោយរាប់បញ្ចូល ទាំងគំនិតផ្តួចផ្តើម «អភិវឌ្ឍន៍សកល» បានរំលេចពីកិច្ចសហប្រតិបត្តិការធានាសន្តិសុខស្បៀង ក្នុងអំឡុងពេលដែលវិបត្តិជំងឺ Covid-១៩ ផងដែរ។ ដោយមានលោក Xi Jinping ប្រធានរដ្ឋចិនជាស្នូល ទស្សនៈដែលបានពោលថា «មានស្បៀងក្នុងដៃ មិនភិតភ័យក្នុងចិត្ត» ត្រូវបានគូសបញ្ជាក់នៅក្នុងផែនការធ្វើទំនើបកម្ម សង្គមនិយមតាមបែបផែនចិន ស្តីពីសន្តិសុខស្បៀង ដែលសាធារណរដ្ឋប្រជាមានិតចិន តាំងពីពេលចាប់ផ្តើមគិតរហូតមកដល់ វ័យ៧៥ឆ្នាំនេះ ជានិច្ចកាលតែងបានធានាជូនប្រជាជនចិនជាង ១,៤០០លាននាក់ ឬស្មើនឹង១/៥នៃចំនួនប្រជាជន ក្នុងពិភពលោក។
ដើម្បីធានាបាននូវសន្តិសុខស្បៀង សន្តិភាពគឺជាបញ្ញតិ្តគន្លឹះដែលសាធារណរដ្ឋប្រជាមានិតចិន តែងប្រកាន់យកដោយផ្តើមពី គោលការណ៍សន្តិភាព៥ប្រការ គឺ ១) ការគោរពគ្នាទៅវិញទៅមក ចំពោះបូរណភាពទឹកដី និងអធិបតេយ្យភាព ២)ការមិនឈ្លានពាន ៣)ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក ៤)ការគោរពនិងផ្តល់តម្លៃចំពោះសមភាព និងផលប្រយោជន៍ ទៅវិញទៅមក និង ៥)ការរួមរស់ដោយសន្តិភាពនិងសុខដុមនីយកម្ម។ គោលការណ៍សន្តិភាព ដែលបានផ្តើមពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥៤ ដោយប្រាជ្ញាចិន បានក្លាយជាយន្តការអន្តរជាតិដ៏សំខាន់ សម្រាប់រក្សាលំនឹងសន្តិភាពសកល និងថែរក្សាគុណតម្លៃរួមរបស់មនុស្សជាតិ ដោយបានក្លាយជាធាតុចូលដ៏សំខាន់ដល់ គំនិតផ្តួចផ្តើម «សន្តិសុខសកល» ដែលប្រទេសជាច្រើនទទួលផលពី ចំណងមិត្តភាពសន្តិភាពនេះ។
៧៥ឆ្នាំដែលប្រជាជនចិន បានបង្កើនសាមគ្គីភាពស្របតាមទស្សនៈ «ដរាបណាយើងមានចិត្តនិងឆន្ទៈសាមគ្គីគ្នា ទោះបីជាភ្នំថៃសានក៏យើងអាចរំកិលបានដែរ» គឺគតិដែលបានបំភ្លឺផ្លូវទាញ សេដ្ឋកិច្ចដ៏ទន់ខ្សោយ របស់ពីពេលចាប់ផ្តើមបដិសន្ធិសាធារណរដ្ឋប្រជាមានិតចិន ក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោកប្រកបដោយសុខភាពយ៉ាងរឹងមាំ ដោយគិតចាប់ពីឆ្នាំ២០១០មក ព្រមទាំងបាននិងកំពុងបន្តក្លាយជា កាលានុវត្តភាពនៃសេដ្ឋកិច្ចសកល។
ស្របតាមទស្សនៈ «មិនភ្លេចគោលបំណងដើមនិងគោលដៅរបស់ខ្លួន ហើយបង្កើននិងពង្រីកការកែទម្រង់ និងកែលម្អវិធីសាស្រ្តនិងមធ្យោបាយ» បានផ្តល់ជាគន្លឹះដល់កំណែទម្រង់សេដ្ឋកិច្ច បើកទូលាយនាឆ្នាំ១៩៧៨ នាំសេដ្ឋកិច្ចរបស់សាធារណរដ្ឋប្រជាមានិតចិន ស្គាល់នូវវឌ្ឍនភាពរុងរឿង និងបន្តក្លាយជាគំរូ និងផ្លូវកាត់ទៅកាន់គោលដៅវិបុលភាព ជូនដល់បណ្តាសេដ្ឋកិច្ចសកល ឈានឆ្ពោះទៅសម្រេចបាន នូវគោលដៅវិបុលភាពដូចប្រទេសចិន ជាទឡ្ហីករណ៍បញ្ជាក់ស្រាប់។
តួយ៉ាងយន្តការ WTO, BRICS, SCO, APEC, RCEP, G20, G77 និងបណ្តាកិច្ចសហប្រតិបត្តិការភាពជាដៃគូទ្វេភាគី និងពហុភាគីជាច្រើនទៀតដែលទាំងប្រទេសចិន ទាំងបណ្តាប្រទេសនានា បានទទួលផលយ៉ាងច្រើន ស្របតាមគោលនយោបាយមិនងាករេ និងច្បាស់លាស់របស់ប្រទេសចិន ចំពោះពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះក្រោមខ្លឹមសារសំខាន់ នៃការធ្វើកំណែទម្រង់បើកទូលាយ។
ដោយចូលរួមយ៉ាងរីករាយជាមួយ និងវឌ្ឍនភាពសង្គមរបស់ប្រទេសចិន ដែលមានមរតកអរិយធម៌ជាង៥ពាន់ឆ្នាំរបស់ខ្លួន ពិភពលោកបាននិងកំពុងយល់ស្រប ព្រមទាំងអនុវត្តតាមប្រាជ្ញាចិន ស្តីពី «គំនិតផ្តួចផ្តើមអរិយធម៌សកល» ដែលបាននិងកំពុងក្លាយជា យន្តការមួយដ៏សំខាន់ជួយលើកស្ទួយពហុភាគីនិយម ក្រោមក្របខណ្ឌពហុសាសនា ពហុទំនៀមទម្លាប់ ពហុជាតិសាសន៍ ពហុភាសាជាដើមទៅជាភូមិសកលមួយ នៃសហគមន៍ដែលមានមានជោគវាសនារួមគ្នា ដោយផ្តល់សុភមង្គលនិងវិបុលភាពរួមសម្រាប់មនុស្សជាតិ។
៧៥ឆ្នាំដែលប្រជាជនចិន បាននិងកំពុងបន្តនូវហ្សែនរាប់ពាន់ឆ្នាំរបស់ខ្លួនចូលរួមបង្កើន សម្រស់បៃតងភាពជូនដល់ផែនដី ទស្សនៈ «ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់» ដែលបានផ្តើមដោយ លោក Xi Jinping កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០៥ បានក្លាយជាទិវាជាតិអេកូឡូស៊ី ចាប់ពីឆ្នាំ២០២៣មក ហើយបានចាក់ឬសយ៉ាងជ្រៅមិនត្រឹម សម្រាប់ប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងបានចែករំលែកបទពិសោធន៍ និងការអនុវត្តជាក់ស្តែងជូនដល់មនុស្សជាតិថែមទៀតផង។
សុខដុមនីយកម្មជាមួយធម្មជាតិ គឺជាគំរូបៃតងភាពដែលប្រទេសចិនបាននិងកំពុងចូលរួម ពង្រីកសេដ្ឋកិច្ចបៃតងដោយ បានពង្រីកវិសាលភាពជាមួយនិងបរទេស តាមរយៈបរិក្ខាអគ្គិសនីថាមពលស្អាត និងរថយន្តអគ្គិសនីជាដើម។ ៧៥ឆ្នាំមកនេះ វណ្ណកម្មវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាជាច្រើនសន្ធឹក ផ្តល់ដល់សង្គមចិននិងពិភពលោក រួមជាមួយមហាដំណើរលំហអាវកាសចិន ក៏បាននិងកំពុងរួមចំណែកយ៉ាងខ្លាំងដល់ ទំនើបកម្មជីវភាពរស់នៅរបស់មនុស្សជាតិ ក្នុងយុគសម័យឌីជីថលនីយកម្ម ហើយជំរុញភាពស្និទ្ធស្នាលរវាងគ្នា និងគ្នាប្រៀបដូចជាគ្រួសារតែមួយ ហើយរយៈពេល១១ឆ្នាំចុងក្រោយនេះ ចិននិងបណ្តាប្រទេសនានាកំពុងពង្រឹង និងពង្រីកជាលំដាប់ក្នុងការជ្រោងទង់លើកកម្ពស់ ស្មារតីសហគមន៍ជោគវាសនារួម នៃមនុស្សជាតិ។
ជារួម ពីប្រទេសកម្ពុជា ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាដែលជាមិត្តដែកថែបរបស់ចិន ត្រៀមខ្លួនរួចជាស្រេច ចូលរួមអបអរសាទរជាមួយ មិត្តបរទេសនានានៅលើ ពិភពលោកជូនពរដល់ប្រជាជន និងប្រទេសចិនសម្រាប់ខួប៧៥ឆ្នាំ ថ្ងៃកំណើតសាធារណរដ្ឋប្រជាមានិតចិន ដើម្បីឈានទៅសម្រេចបានកាន់តែឆាប់នូវការកសាងប្រទេសចិន តាមបែបសង្គមនិយមទំនើប ដែលប្រកបដោយភាពសម្បូរសប្បាយនិងខ្លាំងក្លា ប្រជាធិបតេយ្យ អរិយធម៌ចុះសម្រុង និងស្រស់ស្អាត៕
ដោយបណ្ឌិត ជា មុនីឫទ្ធិសមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន