(ហ៊្សេរុយសាឡិម)៖ នៅថ្ងៃសៅរ៍នេះ យោធាអ៉ីស្រាអែលបានប្រកាសថា មេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah ត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមផ្លូវអាកាស លើរដ្ឋធានីបេរូតរបស់ប្រទេសលីបង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៤។
អ្នកនាំពាក្យយោធាអ៉ីស្រាអែល លោក Nadav Shoshani បានប្រកាសនៅលើប្រព័ន្ធ X យ៉ាងដូច្នេះថា «Hassan Nasrallah បានបាត់បង់ជីវិតហើយ»។ រីឯអ្នកនាំពាក្យយោធាអ៉ីស្រាអែលម្នាក់ទៀត គឺលោក David Avraham ក៏បានបញ្ជាក់ប្រាប់ AFP ផងដែរថា មេដឹកនាំហេសបូឡារូបនោះ ត្រូវបាន «កម្ចាត់» ក្រោយការវាយប្រហារតាមផ្លូវអាកាស លើទីក្រុងបេរូត កាលពីថ្ងៃសុក្រសប្តាហ៍នេះ។
ទន្ទឹមគ្នាដែរ ប្រភពជិតស្និទ្ធជាមួយក្រុមហេសបូឡា បានឱ្យដឹងនាថ្ងៃសៅរ៍នេះថា លោក Hassan Nasrallah គឺពុំអាចទាក់ទងបាន តាំងតែពីយប់ថ្ងៃសុក្រ ប៉ុន្តែមិនបានបញ្ជាក់ថា Nasrallah ត្រូវបានសម្លាប់ ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល ឬយ៉ាងណាទេ។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ យោធាអ៉ីស្រាអែល បានបើកប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសយ៉ាងចាស់ដៃ លើទីក្រុងបេរូត។ ប្រភពពីមន្រ្តីជាន់ខ្ពស់អ៉ីស្រាអែល បានអះអាងថា ការវាយប្រហារនោះ មានគោលដៅលើលោក Nasrallah។ អ៉ីស្រាអែលបានបង្កើនការវាយប្រហារប្រឆាំងក្រុមហេសបូឡា តាំងតែពីដើមសប្តាហ៍នេះ ដែលបានផ្តាច់ជីវិតមនុស្សសរុប ច្រើនជាង៧០០នាក់។ នាថ្ងៃសៅរ៍នេះ យោធាអ៉ីស្រាអែល បានបន្តប្រតិបត្តិការទម្លាក់គ្រាប់បែករបស់ខ្លួន ប្រឆាំងគោលដៅក្រុមហេសបូឡា នៅភាគខាងត្បូង និងខាងកើតប្រទេសលីបង់ ព្រមទាំងនៅរដ្ឋធានីបេរូត៕