(ប៉េកាំង)៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ ឃុំអវកាស ដែលឋិតនៅស្រុក ភីងឋាង ខេត្ត គុយចូវនៃប្រទេសចិនបានមានភាពអ៊ូអរក្រៃលែង ។ ដោយមកពីចំពេលវិស្សមកាលបុណ្យជាតិ បានជាមានអ្នកទេសចរចិននិងអន្តរជាតិជាច្រើន ទៅទស្សនា “ភ្នែកមេឃារបស់ចិន” តេឡេស្កូបយក្ស “FAST” ដែលមានទំហំធំបំផុតនៅលើពិភពលោក។ ចាប់តាំងពីបានបង្កើតឡើង កាលពីខែកញ្ញាឆ្នាំ២០១៦មក តេឡេស្កូបយក្ស “FAST” មិនត្រឹមតែធ្វើឱ្យពិភពលោកអាចមើលឃើញកាន់តែឆ្ងាយកាន់តែច្បាស់ ហើយក៏បានរួមចំណែកជាពុទ្ធិចិន កាន់តែច្រើនក្នុងការស្ទង់រុករកអាថ៌កំបាំង នៃចក្រវាលរបស់មនុស្សជាតិ ក៏ដូចជាការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការអន្តរជាតិផងដែរ។

ភាពជោគជ័យរបស់ “ភ្នែកមេឃារបស់ចិន” គឺជាគំរូមួយនៃសមិទ្ធផលច្នៃប្រឌិតថ្មីលើវិស័យបច្ចេកវិទ្យារបស់ចិន។ ឆ្នាំនេះ ជាខួបទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងរយៈ៧៥ឆ្នាំកន្លងមក ពីការបាញ់បង្ហោះដោយជោគជ័យនូវ "គ្រាប់បែកបរិមាណូ គ្រាប់បែកអ៊ីដ្រូហ្សែននិងផ្កាយរណបសិប្បនិមិត្ត ” ដល់យានអវកាស Shenzhou ហោះហើរលើអវកាស ពី “ឧបករណ៍ខួងសំបកផែនដីលេខមួយ” ខួងទៅជម្រៅផែនដី “នាវាមុជទឹក Fen dou ” ស្ទង់រុករកនៅសមុទ្រជ្រៅ ដល់ “យានអវកាសវាស់ស្ទង់ ChangE” ស្ទង់រុករកភពព្រះចន្ទ និងបង្កើតឡើងបន្ទប់ពិសោធន៍អវកាស Tiangong ពីប្រព័ន្ធផ្កាយរណបនាំផ្លូវប៉ីតូ អាចផ្តល់សេវាកម្មដោយចំគោលដៅ នៅទូទាំងពិភពលោក ដល់ Quantum Computer Prototype Jiu zhang បានប្រសូតឡើង និងបច្ចេកទេសផ្លូវដែកល្បឿនលឿននាំមុខគេ នៅទូទាំងពិភពលោក។ល។ ឆ្លងតាមរយៈ កិច្ចខិតខំប្រឹងប្រែងនៃអ្នកវិទ្យាសាស្ត្រប៉ុន្មានជំនាន់ ប្រទេសចិនបានក្លាយជាប្រទេសដ៏សំខាន់មួយ ក្នុងការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យាលើពិភពលោក។

ក្នុងរយៈពេល៧៥ឆ្នាំកន្លងមក ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា មិនត្រឹមតែបានបំពេញបន្ថែមនូវកម្លាំងជំរុញជា គន្លឹះដល់ការធ្វើទំនើបកម្មតាមបែបផែនចិនប៉ុណ្ណោះទេ ថែមទាំងក៏បានជំរុញ ការអភិវឌ្ឍបច្ចេកវិទ្យា និងការផលិតដោយភាពវៃឆ្លាត នៃឧស្សាហកម្មពិភពលោកទាំងមួល ដែលបានរួមចំណែកយ៉ាងប្រាកដប្រជា ដល់វឌ្ឍនភាពរបស់មនុស្សជាតិផងដែរ។

ឮចាប់ពីប្រទេសចិន បានផ្តួចផ្តើមឱ្យធ្វើការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ នៅឆ្នាំ១៩៥៦ ដល់បានលើកឡើងថា “វិទ្យាសាស្ត្រនិងបច្ចេកទេសជាកម្លាំងផលិតកម្មទីមួយ” នៅឆ្នាំ១៩៨៨ ចាប់ពីការអនុវត្តយុទ្ធសាស្ត្រកសាងប្រទេសខ្លាំងក្លា តាមរយៈវិទ្យាសាស្ត្រ និងការអប់រំកាលពីឆ្នាំ១៩៩៥ ដល់ការកំណត់ថានឹងកសាង ប្រទេសបែបច្នៃប្រឌិតថ្មីកាលពីឆ្នាំ២០០៦ ពីសមាជបក្សលើកទី១៨ ដែលបានលើកឡើង នូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ ដែលជំរុញដោយការច្នៃប្រឌិតថី្ម ដល់សមាជបក្សលើកទី២០ ដែលបានផ្តោតសំខាន់លើតួនាទីជា ស្នូលរបស់ការច្នៃប្រឌិតថ្មីក្នុងកិច្ចកសាងទំនើបកម្ម ។ល។

ដំណាក់កាលដ៏សំខាន់នីមួយៗក្នុងប្រវត្តិសាស្ត្រ សុទ្ធតែជាសាក្សីនៃការយកចិត្តទុកដាក់របស់ប្រទេសចិន ចំពោះការច្នៃប្រឌិតថ្មី ហើយក៏ជាសាក្សីនៃការតស៊ូព្យាយាមរបស់ប្រជាជនចិន ដែលបានបំបែកការបំបិទផ្លូវរបស់បរទេស តាមរយៈការរីកចម្រើនលើ វិស័យបច្ចេកវិទ្យា ក៏ដូចជាជំរុញឱ្យកម្លាំងជាតិចម្រុះ និងឋានៈលើផ្ទៃអន្តរជាតិ បានលើកកម្ពស់ដោយគ្រប់ជ្រុងជ្រោយ។

បច្ចេកវិទ្យាគ្មានព្រំដែន។ បច្ចុប្បន្ននេះ ប្រទេសចិនបានបង្កើតទំនាក់ទំនងសហប្រតិបតិ្តការលើ វិស័យបច្ចេកវិទ្យាជាមួយប្រទេសនិ ងតំបន់ចំនួនជាង១៦០ បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងអន្តររដ្ឋាភិបាល អំពីកិច្ចសហប្រតិបតិ្តការលើវិស័យបច្ចេកវិទ្យា ចំនួន១១៨ច្បាប់។ “ក្រុមមិត្តភកិ្ត” របស់ប្រទេសចិនសម្រាប់បើកទូលាយ និងធ្វើកិច្ចសហប្រតិបតិ្តការលើ វិស័យបច្ចេកវិទ្យា កាន់តែធំឡើងៗ ដែលបានជំរុញឱ្យពិភពលោករួមគ្នា ស្វែងរកការអភិវឌ្ឍលើវិស័យបច្ចេកវិទ្យា និងរួមគ្នាចែករំលែកសមិទ្ធផល។

ក្រៅពីនេះ ប្រទេសចិនក៏បានចូលរួមយ៉ាងសកម្មក្នុងការកំណត់ក្បួនច្បាប់ រៀបចំរបៀបវារៈ ធ្វើអភិបាលកិច្ចនិងកំណែទម្រង់ លើវិស័យបច្ចេកវិទ្យាសកល ព្រមនិងចូលរួមបញ្ហាពិភាក្សា អំពីការច្នៃប្រឌិតថ្មីនិងអភិបាលកិច្ចសកល ដូចជាសុខាភិបាលសាធារណៈ និងថាមពលស្អាតជាដើម។ បច្ចុប្បន្ននេះ ប្រទេសចិនបានចូលរួមអង្គការអន្តរជាតិ និងយន្តការពហុភាគី ចំនួនជាង២រយ ដែលបានចូលរួមយ៉ាងស៊ីជម្រៅនូវផែនការ និងគម្រោងវិទ្យាសសាស្ត្រអន្តរជាតិដ៏សំខាន់ៗ ចំនួនជាង៦០ ដូចជារ៉េអាក់ទ័រពិសោធន៍ទែម៉ូណូគុលអន្តរជាតិ និងផែនការស្ទង់រុករកនៅមហាសមុទ្រអន្តរជាតិ ជាដើម។

អាចរំពឹងទុកថា នៅពេលអនាគត ប្រទេសចិននឹងទទួលបាន ការច្នៃប្រឌិតថ្មីកាន់តែច្រើន និងរៀបចំ “គម្រោងធំៗ”កាន់តែច្រើន ដើម្បីផ្តល់ការទ្រទ្រង់ខាងបច្ចេកវិទ្យា ដែលមានភាពកាន់តែខ្លាំងក្លា ដល់ការធ្វើទំនើបកម្មតាមបែបផែនចិន ក៏ដូចជារួមចំណែកជា កម្លាំងរបស់ចិនកាន់តែច្រើនដល់ ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារបស់ពិភពលោក និងវឌ្ឍនភាពរបស់មនុស្សជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន