(ប៉េកាំង)៖ ក្នុងឱកាសខួបទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ឥស្សរជនអន្តរជាតិបាននាំគ្នាបញ្ចេញឧទានថា "ប្រទេសចិនបានដើរលើផ្លូវនៃការធ្វើទំនើបកម្មតាមបែបផែនចិន ដែលមិនធ្លាប់មានកាលពីមុន។ "នាពេលបច្ចុប្បន្ននេះ ប្រទេសចិនកំពុងជំរុញដោយគ្រប់ជ្រុងជ្រោយ នូវការកសាងប្រទេសខ្លាំងក្លានិងការស្តារឡើងវិញដ៏មហិមា នៃប្រជាជាតិចិន តាមរយៈការធ្វើទំនើបកម្ម តាមបែបផែនចិន។ អ្នកសង្កេតការណ៍អន្តរជាតិសុទ្ធតែយកចិត្តទុកដាក់ថា៖ តើប្រទេសចិននឹងជំរុញ ការធ្វើទំនើបកម្មតាមបែបផែនចិន ដោយរបៀបណា? តើវានឹងផ្តល់ឱកាសថ្មីអ្វីខ្លះដល់ពិភពលោក? នៅថ្ងៃទី៣០ ខែកញ្ញា សុន្ទរកថាគន្លឹះដែលលោក Xi Jinping ប្រធានរដ្ឋចិននៅថ្លែងក្នុងពិធីបដិសណ្ឋារកិច្ច អបអរសាទរខួបទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនបានផ្តល់ចម្លើយ។

“ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវការដឹកនាំរបស់បក្សកុម្មុយនីស្តចិន” “ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវមាគ៌ាឋ​នៃសង្គមនិយមដែលប្រកបដោយលក្ខណៈពិសេសចិន” “ចាំបាច់ត្រូវប្រកាន់ខ្ជាប់ នូវការតម្កល់ទុកប្រជាជនជាចម្បង”និង“ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវការដើរតាមមាគ៌ាអភិវឌ្ឍន៍ ប្រកបដោយសន្តិភាព”។ “ការចាំបាច់ត្រូវប្រកាន់ខ្ជាប់” ទាំងបួននេះគឺជាការបន្ត និងផ្សព្វផ្សាយឱ្យទូលំទូលាយ នូវលក្ខណៈពិសេសចិននិងតម្រូវការពីឬសគល់ នៃការធ្វើទំនើបកម្មតាមបែបផែនចិន ដែលលើកឡើងដោយសមាជបក្សកុម្មុយនីស្តចិនលើកទី២០ វាមិនត្រឹមតែជាការបូកសរុប បទពិសោធន៍កាលពីមុនប៉ុណ្ណោះទេ ថែមទាំងក៏ជាការណែនាំចំពោះ ការអភិវឌ្ឍនាពេលអនាគតផងដែរ ដែលបានចង្អុលបង្ហាញនូវទិសដៅយ៉ាងច្បាស់ សម្រាប់ការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន។

លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិធ្លាប់បានវាយតម្លៃថា ប្រទេសចិនបានក្លាយជា "កម្លាំងដ៏សំខាន់ដែលមិនអាចខ្វះបាន និងអាចជឿទុកចិត្តបានក្នុងការជំរុញ សន្តិភាពនិងការអភិវឌ្ឍពិភពលោក" រួចហើយ។ ក្នុងរយៈពេល៧៥ឆ្នាំកន្លងមកនេះ ការធ្វើទំនើបកម្មតាមបែបផែនចិនមិនត្រឹមតែ បានជំរុញការអភិវឌ្ឍរបស់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏បានរួមចំណែកជាវិជ្ជមានដល់ ការអភិវឌ្ឍដោយសន្តិភាពនៃពិភពលោក និងវឌ្ឍនភាពរបស់មនុស្សជាតិផងដែរ។

ពេលបច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្មរយៈពេលមួយសតវត្សរ៍ កំពុងពន្លឿនការវិវឌ្ឍទៅមុខ ស្ថានការណ៍ភូមិសាស្ត្រនយោបាយ មានភាពតានតឹង ហើយការស្តារឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក មានភាពទន់ខ្សោយ។ ទន្ទឹមនឹងនោះ បដិវត្តន៍បច្ចេកវិទ្យានិងនវានុវត្តន៍ឧស្សាហកម្មជុំថ្មី បាននិងកំពុងនាំមកនូវឱកាសអភិវឌ្ឍន៍ថ្មី។ ពិភពលោក ត្រូវការបរិយាកាសប្រកបដោយសន្តិភាព និងសុខសាន្តត្រាណនិងកម្លាំងចលករថ្មី សម្រាប់ការអភិវឌ្ឍរួម។ ដោយឈរលើមូលដ្ឋាន នៃបទពិសោធន៍ដ៏ជោគជ័យកន្លងមក ការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិននាពេលអនាគត នឹងមានសមត្ថភាពនាំមក នូវឱកាសថ្មីកាន់តែច្រើនដល់ពិភពលោកទាំងមូល។

ជាបឋម ឱកាសគឺបានមកពីទស្សនៈអំពី "សន្តិភាព"។ ការធ្វើទំនើបកម្មតាមបែបផែនចិន គឺជាការធ្វើទំនើបកម្មដែលដើរតាម ផ្លូវអភិវឌ្ឍន៍ប្រកបដោយសន្តិភាព ហើយការជំរុញការធ្វើទំនើបកម្ម តាមបែបផែនចិន នឹងជំរុញយ៉ាងខ្លាំងដល់សន្តិភាព និងស្ថិរភាពពិភពលោក។ ឱកាសក៏បានស្ថិតនៅត្រង់ថា ការធ្វើទំនើបកម្មតាមបែបផែនចិន នឹងជំរុញយ៉ាងខ្លាំង ដល់ការអភិវឌ្ឍរួមរបស់បណ្តាប្រទេសនានា។ កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០បានលើកឡើងថា ប្រទេសចិននឹងកែលម្អប្រព័ន្ធរបប និងយន្តការបើកចំហចំពោះបរទេស ប្រកបដោយកម្រិតខ្ពស់ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់ និងកសាងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសង្គមនិយមកម្រិតខ្ពស់។

ក្នុងពេលជាមួយគ្នានេះ ការធ្វើទំនើបកម្មតាមបែបផែនចិនក៏នឹងជំរុញយ៉ាងខ្លាំង ដល់ការកែលម្អអភិបាលកិច្ចសកលផងដែរ។ប្រឈមមុខនឹងវិបត្តិសកលជាច្រើន ដូចជាអតុល្យភាព នៃការអភិវឌ្ឍសកល ការរីករាលដាលនៃអនុត្តរភាពដោយឯកតោភាគី និងបញ្ហាប្រឈមខាងអេកូឡូស៊ី មានភាពកាន់តែធ្ងន់ធ្ងរជាដើម ប្រទេសចិនសម្គាល់ឃើញជានិច្ចថា កិច្ចការលើផ្ទៃអន្តរជាតិ គួរត្រូវដោះស្រាយដោយអ្នកទាំងអស់គ្នាតាមរយៈការពិគ្រោះពិភាក្សា ហើយអភិបាលកិច្ចសកលគួរអនុវត្ត "ពហុភាគីនិយមដ៏ពិតប្រាកដ"។

ឆ្លងកាត់រយៈពេល៧៥ឆ្នាំ ពេលវេលានឹងបន្តបញ្ជាក់ទៀតថា អ្វីដែលប្រទេសចិនស្វែងរកនោះ មិនមែនជាការធ្វើទំនើបកម្ម ដែលយកសុខតែខ្លួនឯងនោះទេ ចិនរីករាយរួមជាមួយ បណ្តាប្រទេសនានា ដើម្បីសម្រេចបាននូវការធ្វើទំនើបកម្មពិភពលោក ដែលទទួលការអភិវឌ្ឍប្រកបដោយសន្តិភាព កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នា ទៅវិញទៅមកនិងវិបុលភាពរួម៕

វិទ្យុមិត្តភាពកម្ពុជាចិន