(សិង្ហបុរី)៖ មហាសេដ្ឋីអចលនទ្រព្យ លោក Ong Beng Seng ត្រូវបានចោទប្រកាន់នៅថ្ងៃសុក្រនេះ ពីបទរារាំងយុត្តិធម៌ និងផ្តល់អំណោយដ៏មានតម្លៃដល់អតីតរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនសិង្ហបុរី លោក S. Iswaran។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤។
លោក Iswaran ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ១២ខែ កាលពីថ្ងៃព្រហស្បតិ៍ ពីបទពុករលួយ។ ការចោទប្រកាន់ប្រឆាំងនឹងលោក Ong ទាក់ទងនឹងការផ្តល់អំណោយដ៏មានតម្លៃដល់លោក Iswaran រួមមានដូចជា សំបុត្រចូលរួមការប្រកួតបាល់ទាត់ ការប្រណាំងរថយន្ត ការស្នាក់នៅសណ្ឋាគារប្រណីត និងការធ្វើដំណើរដោយយន្តហោះឯកជនជាដើម។
លោក Ong អាយុ ៧៨ ឆ្នាំ ជាម្ចាស់ក្រុមហ៊ុន Hotel Properties Ltd និងជាអ្នកកាន់សិទ្ធិក្នុងការប្រណាំងរថយន្ត Singapore Grand Prix Formula One។ ក្រុមហ៊ុនរបស់លោកបានស្នើសុំការបញ្ឈប់ការជួញដូរភាគហ៊ុន នៅព្រឹកថ្ងៃសុក្រ បន្ទាប់ពីមានការប្រកាសថា លោកនឹងត្រូវបានចោទប្រកាន់។ តុលាការបានស្តាប់ការអះអាងថា លោក Ong បានចំណាយប្រាក់ជាង ៣០០,០០០ ដុល្លារ លើអំណោយសម្រាប់លោក Iswaran។
ករណីនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅសិង្ហបុរី ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ខាងអភិបាលកិច្ចស្អាត និងការប្រឆាំងអំពើពុករលួយយ៉ាងតឹងរ៉ឹង។ អាជ្ញាធរបានបញ្ជាក់ថា ការចោទប្រកាន់លើលោក Ong គឺផ្តោតតែលើអំណោយដែលបានផ្តល់ឱ្យលោក Iswaran ប៉ុណ្ណោះ ហើយនឹងមិនមានការចោទប្រកាន់បន្ថែមទៀតទេ។
គួរបញ្ជាក់ថា លោក Ong បានចូលបង្ហាញខ្លួននៅតុលាការកាលពីថ្ងៃសុក្រ ប៉ុន្តែមិនទាន់បានប្រកាសជាផ្លូវការថា ខ្លួនមានទោស ឬគ្មានទោសនៅឡើយទេ។ សវនាការបន្ទាប់របស់តុលាការ ត្រូវបានកំណត់នៅថ្ងៃទី ១៥ ខែវិច្ឆិកា៕