(តេអេរ៉ង់)៖ មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei បានប្រកាសថា អ៊ីរ៉ង់ និងសម្ព័ន្ធមិត្តនឹងមិនចុះចាញ់ និងថយក្រោយឡើយ បន្ទាប់ពីអ៊ីស្រាអែលបានវាយប្រហារទីក្រុង Beirut ក្នុងគោលបំណងកំណត់គោលដៅអ្នកស្នងតំណែងរបស់មេដឹកនាំក្រុមហេសបូឡា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤។
លោក Khamenei ដែលកម្របង្ហាញខ្លួនជាសាធារណៈ បានដឹកនាំការអធិស្ឋាននៅថ្ងៃសុក្រ ក្នុងទីក្រុងតេអេរ៉ង់។ ក្នុងឱកាសនោះ លោកបានលើកឡើងអំពីលោក Nasrallah ដោយនិយាយថា «ការតស៊ូក្នុងតំបន់នឹងមិនថយក្រោយឡើយ សូម្បីតែមេដឹកនាំត្រូវបានសម្លាប់ក៏ដោយ»។ មេដឹកនាំអ៊ីរ៉ង់ដ៏មានឥទ្ធិពលរូបនេះ បានបញ្ជាក់ថា អ៊ីរ៉ង់នឹងមិនប្រញាប់ប្រញាល់ ឬពន្យារពេលក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងការប្រឈមមុខជាមួយអ៊ីស្រាអែលឡើយ។
ទន្ទឹមនឹងនោះ មេបញ្ជាការរងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក Ali Fadavi បានព្រមានថា ប្រសិនបើអ៊ីស្រាអែលវាយប្រហារឆ្លើយតប អ៊ីរ៉ង់នឹងកំណត់គោលដៅលើទីតាំងថាមពល និងឧស្ម័នរបស់អ៊ីស្រាអែល។
វោហាសាស្ត្រកាន់តែកើនឡើងរបស់អ៊ីរ៉ង់នេះ កើតឡើងខណៈដែលជោគវាសនារបស់មន្ត្រីហេសបូឡា លោក Hashem Safieddine ដែលមានពាក្យចចាមអារ៉ាមថាជាអ្នកស្នងតំណែងរបស់ Nasrallah នៅតែមិនទាន់ដឹងច្បាស់នៅឡើយ។ អ្នកយកព័ត៌មាន Axios លោក Barak Ravid បានដកស្រង់សម្តីមន្ត្រីអ៊ីស្រាអែលបីនាក់ដែលនិយាយថា លោក Safieddine ត្រូវបានគេកំណត់គោលដៅនៅក្នុងលេនដ្ឋានក្រោមដីក្នុងទីក្រុង Beirut ពេញមួយយប់ ប៉ុន្តែជោគវាសនារបស់គាត់មិនច្បាស់នោះទេ៕