(វ៉ាស៊ីនតោន)៖ កាលពីថ្ងៃទី១ ខែតុលាកន្លងទៅនេះ អ៉ីរ៉ង់បានបាញ់មីស៊ីលបាលិស្ទីគ ១៨០គ្រាប់លើអ៉ីស្រាអែល ក្នុងនោះរួមមានទាំងទីស្នាក់ការរបស់ចារកម្ម Mossad ក្នុងទីក្រុង Tel Aviv នៅក្នុងការវាយប្រហារមួយដែលតេហេរ៉ង់ហៅថាជាការសងសឹកអ៉ីស្រាអែល សម្រាប់ការសម្លាប់មេដឹកនាំហាម៉ាស លោក Ismail Haniyeh ក្នុងទីក្រុងតេហេរ៉ង់ កាលពី ថ្ងៃទី៣១ ខែកក្កដា ការសម្លាប់មេដឹកនាំហេសបូឡា លោក Hassan Nasrallah នៅទីក្រុងបេរូត ប្រទេសលីបង់កាលពីថ្ងៃទី២៧ ខែកញ្ញា ព្រមទាំងឧត្តមសេនីយ៍អ៉ីរ៉ង់ម្នាក់ដែល ត្រូវបានសម្លាប់ជាមួយលោក Nasrallah។ ការវាយប្រហារដោយមីស៊ីលរបស់អ៉ីរ៉ង់មិនបានបង្កការខូចខាតធ្ងន់ធ្ងរដល់អ៉ីស្រាអែលនោះទេ ដោយគ្រាន់តែមានសេចក្ដីរាយការណ៍ថា មានមនុស្ស២នាក់បានរងរបួស។ ប៉ុន្តែអ៉ីស្រាអែលបានគំរាមថានឹងសងសឹកអ៉ីរ៉ង់វិញ ខណៈអ៉ីរ៉ង់ក៏បានព្រមានដែរថានឹងសងសឹកវិញដូចគ្នា បើអ៉ីស្រាអែលហ៊ានបាញ់តដៃមែននោះ។
ដូច្នេះតើអ៉ីស្រាអែលមានជម្រើសអ្វីខ្លះ ដើម្បីសងសឹកអ៉ីរ៉ង់?
* វាយប្រហារលើមូលដ្ឋានយោធារបស់អ៉ីរ៉ង់
ក្រុមអ្នកវិភាគខ្លះជឿជាក់ថាអ៉ីស្រាអែលទំនងជានឹងវាយប្រហារលើមូលដ្ឋានយោធារបស់អ៉ីរ៉ង់ ជាពិសេសគឺមូលដ្ឋានដែលផលិតមីស៊ីលបាលិស្ទីគដែលត្រូវបានប្រើប្រាស់នៅក្នុង ការវាយប្រហារលើអ៉ីស្រាអែល កាលពីថ្ងៃអង្គារ។ ក្រៅពីនេះ អ៉ីស្រាអែលក៏អាចនឹងវាយប្រហារផងដែរលើប្រព័ន្ធការពារដែនអាកាស និងមូលដ្ឋានបាញ់មីស៊ីលរបស់អ៉ីរ៉ង់។ ទីក្រុង វ៉ាស៊ីនតោន បានចោទប្រកាន់ថាអ៉ីរ៉ង់បានផ្គត់ផ្គង់មីស៊ីលបាលិស្ទីគឱ្យរុស្ស៉ី សម្រាប់ប្រើប្រាស់ក្នុងសង្រ្គាមឈ្លានពានអ៊ុយក្រែន ទោះជាទាំងរុស្ស៉ី និងអ៉ីរ៉ង់បានច្រានចោល ការចោទប្រកាន់នេះក៏ដោយ។ ដូច្នេះក្រុមអ្នកវិភាគយល់ថាការវាយប្រហារលើមូលដ្ឋានមីស៊ីលរបស់អ៉ីរ៉ង់អាចជាជម្រើសមានលទ្ធភាពអាចទៅរួចក្នុងអត្រាខ្ពស់។
* វាយប្រហារលើរោងចក្រនុយក្លេអ៊ែរអ៉ីរ៉ង់
ការវាយប្រហារប្រឆាំងនឹងរោងចក្រនុយក្លេអ៊ែររបស់អ៉ីរ៉ង់ អាចនឹងបង្អាក់សមត្ថភាពរបស់ទីក្រុងតេហេរ៉ង់ដើម្បីផលិតអាវុធនុយក្លេអ៊ែរ។ រោងចក្រនុយក្លេអ៊ែររបស់អ៉ីរ៉ង់ស្ថិតនៅ រប៉ាត់រប៉ាយនៅតាមទីតាំងជាច្រើនកន្លែង ហើយក្នុងនោះមានខ្លះត្រូវសាងសង់នៅក្រោមដី។ ប៉ុន្តែ ជម្រើសមួយនេះគឺប្រថុយនឹងហានិភ័យខ្ពស់ និងបង្កជាផលវិបាកធ្ងន់ធ្ងរក្នុងនោះរួម មានទាំងការលើកទឹកចិត្តឱ្យអ៉ីរ៉ង់ជ្រើសរើសយកជំហានផលិតអាវុធនុយក្លេអ៊ែរឱ្យបានកាន់តែឆាប់ៗ។ លោក Richard Hooker ជាអតីតមន្ត្រីយោធាអាមេរិកម្នាក់ ដែលធ្លាប់បម្រើការ ឱ្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកទាំងក្រោមអាណត្តិប្រធានាធិបតី មកពីបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ បាននិយាយថាវាមានលទ្ធភាពផ្សេងៗគ្នាដែលអ៉ីស្រាអែលអាចនឹង វាយប្រហារលើរោងចក្រនុយក្លេអ៊ែររបស់អ៉ីរ៉ង់ ប៉ុន្តែវាមិនមែនជាព្រឹត្តិការណ៍អាចនឹងកើតឡើងនោះទេ ពីព្រោះថា «ប្រសិនបើអ្នកធ្វើរឿងបែបនេះ នោះអ្នកនឹងបង្ខំឱ្យថ្នាក់ដឹកនាំអ៉ីរ៉ង់ ស្ថិតនៅក្នុងគោលជំហរដែលត្រូវធ្វើការឆ្លើយតបវិញឱ្យបានខ្លាំងក្លាជាទីបំផុត»។ ណាមួយអ្វីដែលអ៉ីស្រាអែលកំពុងផ្ដោតនាពេលបច្ចុប្បន្ន នោះគឺសមរភូមិនៅព្រំដែនភាគខាងជើង របស់ខ្លួនជាមួយក្រុមហេសបូឡា ហើយលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានបញ្ជាក់ថាវ៉ាស៊ីនតោននឹងមិនគាំទ្រឱ្យអ៉ីស្រាអែលវាយប្រហារលើរោងចក្រនុយក្លេអ៊ែររបស់អ៉ីរ៉ង់ នោះទេ។
* ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរោងចក្រប្រេង
អ៉ីស្រាអែលក៏អាចវាយប្រហារផងដែរលើឧស្សាកម្មប្រេងរបស់អ៉ីរ៉ង់ ដែលអាចនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់អ៉ីរ៉ង់។ ការវាយប្រហាររបៀបនេះអាចនឹងបង្ខំឱ្យអ៉ីរ៉ង់វាយប្រហារ ដោយផ្ទាល់ ឬបញ្ជាឱ្យក្រុម Proxy របស់ខ្លួនវាយប្រហារលើរោងចក្រផលិតប្រេង ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងបណ្ដាប្រទេសអារ៉ាប់ផ្សេងទៀត ដែលអាចនឹងធ្វើឱ្យតម្លៃប្រេងឡើងថ្លៃ បង្កជាបញ្ហាឈឺក្បាលដល់សហរដ្ឋអាមេរិក ដែលកំពុងព្យាយាមបញ្ចុះតម្លៃប្រេងឱ្យបានមុន ការបោះឆ្នោតប្រធានាធិបតីអាមេរិក និងសភានៅថ្ងៃទី៥ ខែវិច្ឆិកា។ ប៉ុន្តែ លោក David Des Roches ជាអតីតមន្ត្រីក្រសួងការពារជាតិអាមេរិក ទទួលបន្ទុកលើគោលនយោបាយអារ៉ាប់ បាននិយាយថា «ខ្ញុំមិនប្រាកដនោះទេថា (ការឡើងតម្លៃប្រេង) អាចនឹងបញ្ឈប់អ៉ីស្រាអែល បាន»។ ដ្បិតការឡើងតម្លៃប្រេងអាចនឹងផ្ដល់ផលចំណេញដល់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលលោក Benjamin Netanyahu ចង់ឱ្យត្រឡប់មកដឹកនាំ សហរដ្ឋអាមេរិកសាជាថ្មី។
លោក Netanyahu កាលពីពេលថ្មីៗនេះបានបង្ហាញទំនាក់ទំនងស្និទ្ធស្នាលជាមួយលោក ដូណាល់ ត្រាំ ជាជាងជាមួយលោក បៃដិន និងលោកស្រី កាម៉ាឡា ហារីស ដែលជាបេក្ខជន ប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ។
គួរបញ្ជាក់ថា ក្រៅពីជម្រើសខាងលើ លោកប្រធានាធិបតី ចូ បៃដិន បានព្រមានថានឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមលើអ៉ីរ៉ង់ ខណៈក្រុមអ្នកវិភាគថាអ៉ីស្រាអែលមានជម្រើសផ្សេងទៀត ដូចជាអាចនឹងវាយប្រហារព័ត៌មានវិទ្យាប្រឆាំងអ៉ីរ៉ង់៕