(វ៉ាស៉ីនតោន)៖ អ្នកនាំពាក្យក្រសួងការបរទេស លោក Matthew Miller បាននិយាយថា សហរដ្ឋអាមេរិក មិនចង់ឃើញកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលស្ថិតក្នុងប្រទេសលីបង់ ស្ថិតក្រោមគ្រោះថ្នាក់ក្នុងទម្រង់ណាមួយឡើយ រួមទាំងហានិភ័យរងការវាយប្រហារពីអ៉ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ ២០២៤។
លោក Miller បានប្រាប់ក្រុមអ្នកយកព័ត៌មាន កាលពីថ្ងៃចន្ទសប្តាហ៍នេះថា «កងកម្លាំងបណ្តោះអាសន្ន របស់អង្គការសហប្រជាជាតិ ប្រចាំលីបង់ (UNIFIL) ដើរតួនាទីយ៉ាងសំខាន់ណាស់ ក្នុងការបង្កើតសន្តិសុខ នៅទីនោះ។ យើងមិនចង់ឃើញពួកគេ ស្ថិតក្នុងគ្រោះថ្នាក់ទេ»។ លោក Miller ក៏បានឱ្យដឹងដែរថា តាមការវាយតម្លៃរបស់សហរដ្ឋអាមេរិក ជុំវិញប្រតិបត្តិការជើងគោករបស់អ៉ីស្រាអែល នៅលីបង់ រហូតមកដល់ពេលនេះ គឺនៅមានកម្រិតនៅឡើយ ហើយទីក្រុងវ៉ាស៉ីនតោន បានបញ្ជាក់ទៅកាន់អ៉ីស្រាអែលរួចហើយថា ខ្លួនមិនចង់ឃើញការបន្តវាយប្រហារ នៅក្បែរអាកាសយានដ្ឋានទីក្រុងបេរូត ឡើយ។
គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍កន្លងទៅ UNIFIL បាននិយាយថា ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពថ្មីៗ របស់អ៉ីស្រាអែល ដែលនៅជាប់នឹងទីតាំងបេសកកម្មរបស់ខ្លួន ក្នុងប្រទេសលីបង់តែម្តង។ យោធាអ៉ីស្រាអែល បានស្នើឱ្យ UNIFIL ផ្លាស់ប្តូរទីតាំងទៅចម្ងាយជាង ៥គីឡូម៉ែត្រពីព្រំដែនអ៉ីស្រាអែល-លីបង់ ដើម្បីរក្សាសុវត្ថិភាព៕